
អភិបាលក្រុង លោក Vitalii Kim បានឲ្យដឹងថា ការវាយប្រហាររបស់រុស្ស៊ីមកលើទីក្រុងមីកូឡេអ៊ីវ (Mykolaiv) ជាច្រើនម៉ោងនៅព្រឹកព្រលឹមថ្ងៃទី២០ ខែកក្កដា បានបណ្តាលឲ្យមនុស្ស ១៩នាក់រងរបួស ដោយក្នុងនោះរួមមានទាំងកូនក្មេងយ៉ាងហោចណាស់ ៥នាក់ដែរ។ លោក Kim បានបន្ថែមថា មនុស្ស ៨នាក់ បានស្វែងរកជំនួយផ្នែកវេជ្ជសាស្រ្ដ ហើយ ២នាក់ រួមទាំងកុមារម្នាក់ផង ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យ។
យោងតាមលោកអភិបាលក្រុង កងកម្លាំងរុស្ស៊ី បានបើកការវាយប្រហារដោយមីស៊ីលមកលើទីក្រុងភាគខាងត្បូងអ៊ុយក្រែន នៅប្រមាណជាម៉ោង ៣:០៣ទៀបភ្លឺ ម៉ោងក្នុងស្រុក។ លោក Kim បានប្រាប់បន្ថែមថា អគារកម្ពស់ ៣ជាន់ជាច្រើន បានរងការខូចខាត ហើយអគ្គិភ័យបានឆាបឆេះលើផ្ទៃដីទំហំ ៤៥០ម៉ែត្រក្រឡាដែលក្រោយមកត្រូវបានពន្លត់ នៅម៉ោង ៧:៤៥នាទី។
តំបន់ Mykolaiv គឺជាគោលដៅវាយប្រហារញឹកញាប់របស់រុស្ស៊ី ហើយភាគច្រើនរងគ្រោះដោយសារការវាយប្រហារពីយានដ្រូន Shahed និងមីស៊ីលតម្រង់គោលដៅ Kalibr៕