
ក្រុមអ្នកវិទ្យាសាស្ត្រចិនបានបង្ហាញពូជផ្សិតប្រភេទថ្មី និងមានទំហំធំជាងផ្សិតធម្មតា ជាប្រភេទផ្សិតដែលអាចបរិភោគបាន និងពេញនិយមនៅក្នុងប្រទេសចិន ដែលត្រូវបាននាំយកមកពីទីអវកាសដោយក្រុមបេសកកម្មយានអវកាស Shenzhou-12 របស់ប្រទេសនេះ។
ប្រទេសចិនបាននិងកំពុងនាំមុខគេលើការបង្កាត់ពូជដំណាំក្នុងទីអវកាស ដែលត្រូវបានកោតសរសើរក្នុងសហគមន៍វិទ្យាសាស្ត្រថា ជាគន្លឹះនៃការអភិវឌ្ឍន៍កសិកម្មជំនាន់ក្រោយ ហើយផ្សិតប្រភេទថ្មីទាំងនេះកំពុងបង្ហាញពីគំរូដ៏សំខាន់មួយ។
ក្រុមអ្នកស្រាវជ្រាវបានបញ្ជូនពូជផ្សិតចំនួន ២៦៣ប្រភេទទៅក្នុងទីអវកាសហើយបានបង្កាត់ពូជដែលមានគុណភាពខ្ពស់ដោយជោគជ័យ ជាមួយនឹងទំហំធំ និងក្លិនក្រអូបខ្លាំងជាងពីគំរូផ្សិតដែលបញ្ចូនទៅ។
ផ្សិតប្រភេទថ្មីទាំងនេះត្រូវបានគេដាំនៅតាមខេត្តនានាទូទាំងប្រទេសចិន ហើយត្រូវបានគេស្គាល់ថាមានតម្លៃសេដ្ឋកិច្ចខ្ពស់។ ទោះជាយ៉ាងណាក៏ដោយ អ្នកដាំដុះមានបំណងចង់ឃើញពូជផ្សិតដ៏រឹងមាំបន្ថែមទៀត ដោយសារការដាំដុះរបស់ផ្សិតត្រូវការពន្លឺ ខ្យល់ សំណើម និងដីល្អ។
ការបង្កាត់ពូជក្នុងទីអវកាសពាក់ព័ន្ធនឹងការបន្ស៉ាំគ្រាប់ពូជ និងសម្ពាធទៅនឹងវិទ្យុសកម្មលោហធាតុ មីក្រូទំនាញ ព្រមទាំងសុញ្ញកាសខ្ពស់ក្នុងអំឡុងពេលបេសកកម្មហោះហើរក្នុងលំហ ដើម្បីផ្លាស់ប្តូរហ្សែនរបស់ពួកវា។ យោងតាមក្រុមអ្នកស្រាវជ្រាវ ពូជផ្សិតប្រភេទថ្មីដែលផលិតតាមរបៀបនេះ មិនត្រឹមតែធ្វើឱ្យមានក្លិនឈ្ងុយឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានរសជាតិឆ្ងាញ់ និងក្រអូបថែមទៀតផង៕