
ស្ត្រីអាហ្វហ្គានីស្ថានរាប់សិបនាក់ បានតវ៉ាប្រឆាំងនឹងការហាមប្រាមហាងកែសម្ផស្សមួយកាលពីថ្ងៃពុធបន្ទាប់ពីពួកតាលីបង់ បានបញ្ជាឲ្យបិទទូទាំងប្រទេស។ កងកម្លាំងសន្តិសុខ បានប្រើទុយោបាញ់ទឹក ដំបងឆក់ និងបាញ់កាំភ្លើងទៅលើអាកាស ដើម្បីបំបែកការតវ៉ា។
ក្រុមតាលីបង់ បាននិយាយកាលពីដើមខែនេះថា ពួកគេបានផ្តល់ឲ្យហាងកែសម្ផស្សទាំងអស់ក្នុងប្រទេសអាហ្វហ្គានីស្ថានរយៈពេលមួយខែ ដើម្បីបញ្ឈប់អាជីវកម្មរបស់ពួកគេ និងបិទហាង ដោយនាំឲ្យមានការ ព្រួយបារម្ភពីមន្ត្រីអន្តរជាតិអំពីផលប៉ះពាល់ដល់សហគ្រិនស្ត្រី។
ក្រុមតាលីបង់និយាយថា ពួកគេកំពុងបិទហាងកែសម្ផស្ស ដោយចោទប្រកាន់ថា ពួកគេផ្តល់សេវាកម្មហាមឃាត់ដោយសាសនាឥស្លាម និងបង្កការលំបាកផ្នែកសេដ្ឋកិច្ចសម្រាប់គ្រួសារកូនកំលោះអំឡុងពេលពិធីរៀបអាពាហ៍ពិពាហ៍។
សេចក្តីសម្រេចនេះ បានកើតចេញពីមេដឹកនាំតាលីបង់ លោក Hibatullah Akhundzada ដែលជាការទប់ស្កាត់ចុងក្រោយបំផុតលើសិទ្ធិ និងសេរីភាពរបស់ស្ត្រី និងក្មេងស្រីអាហ្វហ្គានីស្ថាន បន្ទាប់ពីមានសេចក្តីបង្គាប់ហាមឃាត់ពួកគេពីការអប់រំ កន្លែងសាធារណៈនិងទម្រង់ការងារភាគច្រើន។
នៅក្នុងសញ្ញាដ៏កម្រមួយនៃការប្រឆាំងនឹងបទរបស់ក្រុមតាលីបង់ អ្នកកែសម្ផស្ស និងសិល្បករតុបតែងមុខរាប់សិបនាក់ បានប្រមូលផ្តុំគ្នានៅក្នុងរដ្ឋធានីកាប៊ុល ដើម្បីតវ៉ានឹងការហាមឃាត់នេះ។
អ្នកតវ៉ាម្នាក់ដែលប្រាប់ឈ្មោះខ្លួនថា ហ្វាហ្សាណា (Farzana) បាននិយាយថា៖«យើងនៅទីនេះ ដើម្បីរកយុត្តិធម៌។ យើងចង់បានការងារ អាហារហូបចុក និងសេរីភាព»។