
គេហទំព័រព័ត៌មាននយោបាយរបស់សហរដ្ឋអាមេរិក «The Hill» បានរាយការណ៍ កាលពីថ្ងៃពុធ (ទី១៩ ខែកក្កដា) ថា ការស្ទង់មតិនាពេលថ្មីៗនេះ បានបង្ហាញថា មនុស្សពេញវ័យជាងពាក់កណ្តាល នៅសហរដ្ឋអាមេរិក ជំទាស់នឹងសម្រេចចិត្តរបស់ប្រធានាធិបតីលោក Joe Biden ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន។
យោងតាមការស្ទង់មតិដែលធ្វើឡើងដោយសាកលវិទ្យាល័យ Quinnipiac បានឲ្យដឹងដឹងថា អ្នកឆ្លើយតបរហូតដល់ ៥១ភាគរយ បាននិយាយថា ពួកគេមិនស្របតាមការសម្រេចចិត្តរបស់លោក Biden នោះទេ ក្នុងការបញ្ជូនគ្រាប់បែកចង្កោមទៅកាន់ប្រទេសអ៊ុយក្រែន ខណៈដែល ៣៩ភាគរយ បាននិយាយថា ពួកគេស្របការសម្រេចរបស់លោកប្រធានាធិបតី ហើយ ១១ភាគរយ បានប្រាប់ថា ពួកគេគ្មានមតិយោបល់អ្វីឡើយ។
ការស្ទង់មតិនេះ បានធ្វើឡើងលើមនុស្សពេញវ័យអាមេរិកចំនួន ២.០៥៦នាក់ ចាប់ពីថ្ងៃទី១៣ ខែកក្កដាដល់ថ្ងៃទី១៧ ខែកក្កដា។
សូមបញ្ជាក់ថា សហរដ្ឋអាមេរិកបានប្រកាសកាលពីដើមខែកក្កដាថា គ្រាប់បែកចង្កោមនឹងក្លាយជាផ្នែកមួយនៃកញ្ចប់ជំនួយយោធាថ្មីដែលមានតម្លៃ ៨០០លានដុល្លារ សម្រាប់ប្រទេសអ៊ុយក្រែន។ ការសម្រេចបែបននេះ បានធ្វើឲ្យមានការរិះគន់ពីជុំវិញពិភពលោក៕