សហរដ្ឋអាមេរិក កាលពីថ្ងៃព្រហស្បតិ៍ បានបង្ហាញក្ដីបារម្ភកាន់តែខ្លាំងឡើងជុំវិញ ស្ថានភាពរបស់ពលបាលឯកមួយរូប គឺ លោក Travis King ដែលបានឆ្លងចូលទៅក្នុងទឹកដីកូរ៉េខាងជើង កាលពី២ថ្ងៃមុន ដោយនិយាយថា វិមានបញ្ចកោណមានប្រវត្តិនៃការធ្វើទារុណ្ឌកម្មលើទាហានអាមេរិកដែលត្រូវបានចាប់ខ្លួន។

អ្នកនាំពាក្យកងទ័ពអាមេរិក លោកស្រី គ្រីស្ទីន វូម៉ូដ (Christine Wormuth) នៅក្នុងការអត្ថាធិប្បាយជាសាធារណៈលើកដំបូងរបស់លោកស្រីពាក់ព័ន្ធករណីនេះ បាននិយាយថា ទីក្រុងវ៉ាស៊ីនតោន បានព្យាយាមអស់ពីសមត្ថភាពដើម្បីទាក់ទងទីក្រុងព្យុងយ៉ាង រួមទាំងធ្វើទំនាក់ទំនាក់តាមរយៈអង្គការសហប្រជាជាតិផងដែរ។ ក្រុមមន្ត្រីបាននិយាយថា ប៉ុន្តែកូរ៉េខាងជើងពុំទាន់បានផ្ដល់ការឆ្លើយតបណាមួយនៅឡើយទេ។

លោកស្រី វ៉ូម៉ូដ បានប្រាប់វាទិកាសន្តិសុខអាស្ពេន(Aspen Security Forum)នៅក្នុងរដ្ឋ Colorado ថាខ្ញុំបារម្ភពីសុវត្ថិភាពរបស់កងទ័ពរូបនេះខ្លាំងណាស់។
លោកស្រីបានលើកឡើងពីករណីរបស់លោក Otto Warmbier ជានិស្សិតសកលវិទ្យាមួយរូបរបស់អាមេរិក ដែលត្រូវបានជាប់ពន្ធនាគារក្នុងប្រទេសកូរ៉េខាងជើងរយៈពេល១៧ខែមុនពេលស្លាប់ភ្លាមៗបន្ទាប់ពីបញ្ជូនត្រឡប់មកសហរដ្ឋអាមេរិកវិញក្នុងស្ថានភាពដូចជាមនុស្សរុក្ខជាតិ កាលពីឆ្នាំ២០១៧កន្លងមកនេះ ។
ក្រុមមន្ត្រីសហរដ្ឋអាមេរិក នៅតែមានមន្ទិលខ្លាំងពីមូលហេតុដែល លោក King ឆ្លងព្រំដែនចូលទៅកូរ៉េខាងជើង។
ទីក្រុងវ៉ាស៊ីនតោន បាននិយាយថា ប្រទេសកូរ៉េខាងជើង មិនបានឆ្លើយតបទៅនឹងការប៉ុនប៉ងចរចា ឲ្យមានការដោះលែងទាហានអាមេរិក ដែលបានរត់ចេញពីព្រំដែន ដែលមានការយាមកាមបំពាក់ដោយអាវុធធន់ធ្ងន់យ៉ាងតឹងរ៉ឹងនោះទេ។
គួររម្លឹកថា Travis King បានឆ្លងកាត់តំបន់គ្មានយោធា (DMZ) ដែលខណ្ឌចែកកូរ៉េខាងជើង និងកូរ៉េខាងត្បូងកាលពីថ្ងៃអង្គារ សប្ដាហ៍នេះ៕