ភ្នំពេញ៖ លោកប្រធានាធិបតីបារាំងលោក Emmanuel Macron កាលពីថ្ងៃព្រហស្បតិ៍បានរុះរើរដ្ឋមន្រ្តីរបស់លោកសម្រាប់តំណែងកិច្ចការក្នុងប្រទេសសំខាន់ៗដូចជាការអប់រំ លំនៅដ្ឋាន និងកិច្ចការក្នុងក្រុង ខណៈរដ្ឋាភិបាលរបស់លោកចាប់ផ្តើមការឆ្លើយតបរបស់ខ្លួនចំពោះកុបកម្មដែលបានអង្រួនប្រទេសកាលពី៣សប្តាហ៍មុន។

លោក Macron បានតស៊ូដើម្បីចាប់ផ្តើមអាណត្តិទីពីររបស់លោកឡើងវិញ ដែលត្រូវបានញាំញីដោយវិបត្តិក្នុងស្រុក រួមទាំងការតវ៉ាជាច្រើនខែ ជុំវិញការធ្វើកំណែទម្រង់ប្រាក់សោធននិវត្តន៍ ក៏ដូចជាការផ្ទុះអំពើកុបកម្មរយៈពេល៥ថ្ងៃ ជុំវិញការស្លាប់ក្មេងប្រុសជំទង់ជនជាតិអាល់ហ្សេរី កាត់ម៉ារ៉ុក ពីសំណាក់នគរបាល ពេលឈប់ត្រួតពិនិត្យចរាចរណ៍។

ការផ្លាស់ប្តូរដ៏ធំបំផុតគឺនៅក្រសួងអប់រំជាទីដែលលោក ប៉ាប ឌីយ៉ាយ៉េ (Pap Ndiaye) អ្នកជំនាញសាកលវិទ្យាល័យ Black studies ដែលបានក្លាយជាគោលដៅនៃការវាយប្រហារបែបអភិរក្សនិយម ត្រូវបានជំនួសដោយរដ្ឋមន្ត្រីទទួលបន្ទុកថវិកា លោក ហ្គាប្រៀល អាតាល់ ( Gabriel Attal) វ័យ ៣៤ ឆ្នាំ។
លោកAttal ជាតារាកំពុងរះក្នុងចំណោមអ្នកម៉ាក្រុងនិយម បានក្លាយជាសមាជិកគណៈរដ្ឋមន្ត្រីវ័យក្មេងបំផុតរបស់ប្រទេសបារាំងនៅអាយុ ២៩ ឆ្នាំនៅពេលដែលលោកបានចូលបម្រើការងារក្នុងរដ្ឋាភិបាលក្នុងឆ្នាំ ២០១៨ ។
លោកទទួលបានកេរ្តិ៍ឈ្មោះជាអ្នកស្មោះត្រង់ដែលមានប្រាជ្ញាឆ្លាតវៃរហ័សរហួនជាអ្នកនាំពាក្យរដ្ឋាភិបាល មុនពេលត្រូវបានតែងតាំងឲ្យទទួលបន្ទុកការគ្រប់គ្រងថវិកាដ៏មានឥទ្ធិពល៕
