អាជ្ញាធររបស់ប្រទេសក្រិក ត្រូវបង្ខំជម្លៀសប្រជាជនបន្ថែមទៀត កាលពីថ្ងៃព្រហស្បតិ៍ (ថ្ងៃទី២០ ខែកក្កដា) បន្ទាប់ពីចំហេះព្រៃ នៅក្នុងតំបន់ភាគខាងលិចនៃទីក្រុងអាតែន (Athens) ដែលត្រូវបានពន្លត់ហើយនោះ បានត្រឡប់ជាឆេះឡើងវិញម្ដងទៀត ក្នុងកម្លាំងខ្លាំងជាងមុន។
អគ្គិភ័យបានឆាបឆេះព្រៃឈើ នៅជិតអគារក្បែរភូមិ Agios Sotiras ខណៈដែលយន្តហោះ បានស្រោចទឹកពីលើ ហើយរថយន្តពន្លត់អគ្គិភ័យជាច្រើនគ្រឿង បានមកដល់ដើម្បីពន្លត់ភ្លើង ដែលកំពុងឆេះយ៉ាងសន្ធោរសន្ធៅនោះ។
ជាមួយគ្នានេះដែរ ភ្លើងឆេះលើកោះ Rhodes និងនៅតំបន់ Lakonia ភាគខាងត្បូងប្រទេសក្រិក ក៏បានរីករាលដាលកាន់តែខ្លាំងផងដែរ នៅថ្ងៃព្រហស្បតិ៍នោះ ហើយសីតុណ្ហភាពឡើងក្ដៅខ្លាំង កំពុងគំរាមកំហែងដល់ការផ្ទុះឡើងជាថ្មី នៅក្នុងស្ថានភាពគ្រោះថ្នាក់ដែលពិបាកទប់ទល់។
លើសពីនេះទៀត សេវាឧតុនិយមបានព្រមានពីហានិភ័យខ្ពស់នៃការមានអគ្គិភ័យ ចាប់ពីថ្ងៃសុក្រ (ថ្ងៃទី២១ ខែកក្កដា) នៅពេលដែលសីតុណ្ហភាព ត្រូវបានគេរំពឹងថា នឹងឡើងខ្ពស់បន្ថែមទៀត ដោយឡើងដល់កម្រិតអតិបរមា ៤៥អង្សាសេ នៅចុងសប្តាហ៍នេះ៕


