លោកប្រធានាធិបតីអ៊ីស្រាអែល Isaac Herzog កាលពីថ្ងៃព្រហស្បតិ៍ បានអំពាវនាវឲ្យអង្គការសហប្រជាជាតិឈរជាមួយអ៊ីស្រាអែលប្រឆាំងនឹងអ៊ីរ៉ង់ និងជួយរារាំងប្រទេសនេះពីផលិតអាវុធនុយក្លេអ៊ែរ។

លោកHerzog បានធ្វើការអំពាវនាវនេះ ក្នុងអំឡុងពេលជួបជាមួយលោកអគ្គលេខាធិការUN អង់តូនីញ៉ូ ហ្គុយតឺរេស (Antonio Guterres)នៅទីស្នាក់ការអង្គការសហប្រជាជាតិ ក្នុងទីក្រុងញូវយ៉ក។
លោកHerzog បាននិយាយនៅលើធ្វីធើថា៖ ថ្ងៃនេះបានជួបជាមួយលោកអគ្គលេខាធិការUN ហ្គុយតឺរេស រួមជាមួយឯកអគ្គរដ្ឋទូតអ៊ីស្រាអែលលោក Gilad Erdan។ ខ្ញុំបានសម្តែងការព្រួយបារម្ភយ៉ាងខ្លាំងអំពីអរិភាពចំពោះអ៊ីស្រាអែល នៅក្នុងស្ថាប័នអង្គការសហប្រជាជាតិដែលឃើញក្នុងការបោះឆ្នោតអវិជ្ជមាន និងទស្សនៈម្ខាងនៃជម្លោះក្នុងតំបន់របស់យើង»។
លោកបានបន្ថែមថា៖«យើងរំពឹងថា អង្គការសហប្រជាជាតិ នឹងឈរយ៉ាងម៉ឺងម៉ាត់ជាមួយយើងប្រឆាំងនឹងប្រទេសអ៊ីរ៉ង់ ដែលអំពាវនាវជាសាធារណៈឲ្យមានការបំផ្លិចបំផ្លាញអ៊ីស្រាអែល និងបញ្ឈប់ប្រទេសនេះពីផលិតអាវុធនុយក្លេអ៊ែរ»។
