ភ្នំពេញ៖ នៅវិមានសន្តិភាព ទីស្តីការនាយករដ្ឋមន្រ្តី ព្រឹកថ្ងៃទី២១ ខែកក្កដា នេះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា បានអនុញ្ញាតឲ្យ ឯកឧត្តម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល ប្រធានសភាម៉ា ឡេស៊ី ចូលជួបសំដែងការគួរសម និងពិភាក្សាការងារ ក្នុងខណៈដែលឯកឧត្តមអញ្ជើញមកបំពេញ ទស្សនកិច្ចនៅកម្ពុជា ដើម្បីចូលរួមសង្កេត នៅថ្ងៃទី២៣ ខែកក្កដា នេះ ។
សម្តេចតេជោ ហ៊ុន សែន បានស្វាគមន៍យ៉ាងកក់ក្តៅចំពោះការអញ្ជើញរបស់ឯកឧត្តម ប្រធាន សភាម៉ាឡេស៊ី ដែលជាការផ្តល់នូវមហាកិត្តិយសធ្វើជាសាក្សី នៃដំណើរការប្រជាធិបតេយ្យ នៃការបោះឆ្នោតជ្រើសរើសសមាជិកសភា អាណត្តិទី៧ ដែលកំពុងដំណើរការប្រកបដោយភាពល្អប្រសើរ ។
ឯកឧត្តម តាន់ស៊្រីដាតុ ហ្សហារី ប៊ីនអាប់ឌុល បានបញ្ចេញចំណាប់អារម្មណ៍ចំពោះការរីកចម្រើន របស់ប្រទេសកម្ពុជានាពេលបច្ចុប្បន្ន ប្រៀបធៀបនឹងពេលដែលឯកឧត្តមធ្លាប់បានអញ្ជើញមកក្នុងរយៈ ពេលជាង២០ឆ្នាំកន្លងមក ដែលរូបឯកឧត្តមស្ទើរតែមិនជឿថា នេះគឺជាទីក្រុងភ្នំពេញ នៃប្រទេសកម្ពុជា នោះឡើយ ។
ឯកឧត្តម បានរៀបរាប់ពីការអានសៀវភៅជាច្រើន ពីប្រវត្តិរបស់សម្តេច និងបានយល់ថា ដំណើរ ការតស៊ូដ៏ស្វិតស្វាញ ការឆ្លងកាត់ការលំបាក ការបែកបាក់គ្រួសារ ដើម្បីរំដោះប្រទេសជាតិពីរបបខ្មែរក្រហម និងបានដឹកនាំប្រទេសឲ្យមានការរីកចម្រើន ឲ្យមានការឯកភាពជាតិ ដែលមេដឹកនាំបណ្តាប្រទេសអាស៊ាន គួរអនុវត្ត និងរៀនសូត្រតាម ។
សម្តេចតេជោ បានបញ្ជាក់ប្រាប់ប្រធានសភាម៉ាឡេស៊ីបន្ថែមថា រូបសម្តេចផ្ទាល់ បានខិតខំធ្វើការ ដោយលំបាកលំបិនបំផុត មានប្រវត្តឈឺចាប់ និងបានកសាងប្រទេសពីបាតដៃទទេ បន្តិចម្តងៗ ដោយចាប់ផ្តើមពីការបញ្ចប់សង្រ្គាម ដែលជាឱកាសមាសសម្រាប់កម្ពុជាក្នុងរយៈពេល២៤ឆ្នាំចុងក្រោយដោយបានបង្រួបបង្រួមប្រទេសឲ្យមានការឯកភាពទឹកដីតែមួយ គ្មានការរើសអើងជាតិសាសន៍ សាសនា មានសិទ្ធិ សេរីភាព មានប្រជាធិបតេយ្យ និងបានធ្វើឲ្យសេដ្ឋកិច្ចមានកំណើនជាលំដាប់ បើទោះបីជាកម្ពុជា ជួបប្រទះ នូវវិបត្តិសេដ្ឋកិច្ចជាបន្តបន្ទាប់ ។
សម្តេចតេជោ បានបញ្ជាក់ថា កម្ពុជា ក្រោមការដឹកនាំរបស់គណបក្សប្រជាជនកម្ពុជា កម្ពុជា រក្សា បាននូវសុខដុមរមនាគ្រប់សាសនាទាំងអស់ ជនជាតិម៉ូស្លីមមានសិទ្ធិសេរីភាព មានការរីកចម្រើន មិនមាន ការរើសអើង និងត្រូវបានយកចិត្តទុកដាក់ មានតួនាទីនៅក្នុងស្ថាប័ន ថ្នាក់ជាតិ ថ្នាក់ក្រោមជាតិ បានទទួល ការហ្វឹកហ្វឺន ដែលបច្ចុប្បន្ន ពលរដ្ឋម៉ូស្លីមនៅកម្ពុជា មានបញ្ញវន្តជាច្រើន និងបានបម្រើការងារនៅគ្រប់លំ ដាប់ថ្នាក់ ក្នុងរាជរដ្ឋាភិបាល ព្រឹទ្ធសភា រដ្ឋសភា និងអ្នកការទូត ដែលកាន់តួនាទីជាឯកអគ្គរាជទូត នៅតាម បណ្តាប្រទេសអារ៉ាប់មួយចំនួនផងដែរ ៕