ប្រមុខការទូតរបស់អាហ្រ្វិកខាងត្បូងទទួលបន្ទុកកិច្ចការទំនាក់ទំនងជាមួយប្លុកនេះ បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ (ទី២០ កក្កដា)ថា ប្រទេសចំនួនជាង៤០ បានសម្តែងចំណាប់អារម្មណ៍ក្នុងការចូលរួមជាមួយក្រុមប្រទេសBRICS ដែលមានប្រេស៊ីល រុស្ស៊ី ឥណ្ឌា ចិននិងអាហ្រ្វិកខាងត្បូង។

លោក Anil Sooklal និងក្រុមមន្ត្រីមកពីក្រសួងការបរទេស បានថ្លែងទៅកាន់អ្នកសារព័ត៌មាននៅទីក្រុងពាណិជ្ជកម្មសំខាន់ចូហាននេសប៊ឺក (Johannesburg) មួយថ្ងៃ បន្ទាប់ពីប្រទេសអាហ្វ្រិកខាងត្បូង បានបញ្ជាក់ថា លោក វ៉្លាឌីមៀរ ពូទីន (Vladamir Putin) របស់ប្រទេសរុស្ស៊ី នឹងមិនចូលរួមក្នុងកិច្ចប្រជុំកំពូល BRICS ដែលគ្រោងធ្វើឡើងនៅថ្ងៃទី ២២-២៤ខែសីហាទេ។

ក្រៅពីប្រទេសចំនួន២២ ដែលបានស្នើសុំចូលរួមជាផ្លូវការនោះ លោក Sooklal បាននិយាយថា មាន «ចំនួនស្មើគ្នានៃបណ្តាប្រទេសដែលបានសម្តែងចំណាប់អារម្មណ៍ក្រៅផ្លូវការក្នុងការក្លាយជាសមាជិក របស់ក្រុមប្រទេស BRICS ... (រួមទាំង) ក្រុមប្រទេសកំពុងអភិវឌ្ឍន៍សកលខាងត្បូងធំៗទាំងអស់»។
មន្ត្រីអាហ្រ្វិកខាងត្បូងចង់ឲ្យBRICS ក្លាយជាជើងឯកនៃពិភពលោកដែលកំពុងអភិវឌ្ឍន៍ ហើយអាហ្សង់ទីន អ៊ីរ៉ង់ អារ៉ាប៊ីសាអ៊ូឌីត អារ៉ាប់រួម គុយបា សាធារណរដ្ឋប្រជាធិបតេយ្យកុងហ្គោ ប្រជុំកោះកូម៉ូរ៉ូ ហ្គាបុង និងកាហ្សាក់ស្ថាន សុទ្ធតែបង្ហាញចំណាប់អារម្មណ៍។

