កណ្តាល៖ ក្នុងថ្ងៃបិទបញ្ចប់យុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣ ដែលត្រូវថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣នេះ, ឯកឧត្តម វង្សី វិស្សុត សមាជិកគណៈកម្មាធិការកណ្តាលគណបក្សប្រជាជនកម្ពុជា ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកមុខកំពូល និងជាបេក្ខជនតំណាងរាស្រ្តមណ្ឌលខេត្តកណ្តាល បានដឹកនាំសមាជិក សមាជិកា គណបក្សប្រជាជនកម្ពុជាជាង ៤០០០ នាក់ ជួបជុំនៅទីស្នាក់ការគណៈកម្មាធិការគណបក្សប្រជាជនកម្ពុជាស្រុកមុខកំពូល និងដង្ហែក្បួនឃោសនាបោះឆ្នោត តាមបណ្តាឃុំទាំង ៧ នៅក្នុងស្រុកមុខកំពូល ខេត្តកណ្តាល។

ឯកឧត្តម វង្សី វិស្សុត បានសំដែងនូវការគោរពកោតសរសើរ និងអំណរគុណយ៉ាងជ្រាលជ្រៅបំផុតជូនចំពោះបងប្អូនសមាជិក សមាជិកា សកម្មជន យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងយុទ្ធនាការឃោសនាបោះឆ្នោត ក្នុងរយៈពេល ២០ ថ្ងៃកន្លងមក យ៉ាងស្រស្រាក់ស្រស្រាំ និង សកម្មបំផុត ប្រកបដោយឆន្ទៈដ៏មុតស្រួច ក្នុងនាមជាកងទ័ពទេវតា ដោយប្រកាន់ខ្ជាប់នូវច្បាប់, បទបញ្ជា, នីតិវិធី, និង គោលការណ៍ណែនាំទាំងអស់របស់ គ.ជ.ប. ដែលបានញ៉ាំងឱ្យយុទ្ធនាការឃោសនាបោះឆ្នោតក្នុងស្រុកមុខកំពូល បានប្រព្រឹត្តទៅដោយរលូន និងមិនរងបាតុភាពរំខានណាមួយឡើយ។
ឯកឧត្តម វង្សី វិស្សុត បានបន្តថា មានតែគណបក្សប្រជាជនកម្ពុជាប៉ុណ្ណោះ ដែលកើតចេញពីប្រជាជន, នៅជាប់ជាមួយប្រជាជន, និង ធ្វើអ្វីៗដើម្បីតែប្រជាជន ។ មានតែគណបក្សប្រជាជនកម្ពុជាតែប៉ុណ្ណោះ ដែលផ្តល់តម្លៃដល់សន្តិភាព និង ដាក់ចេញនូវគោលនយោបាយអភិវឌ្ឍសង្គម-សេដ្ឋកិច្ច ប្រកបដោយភាពប្រាកដនិយម, ជាក់លាក់ និងមិនមែនប្រជាភិថុតបោកប្រាស់ឡើយ ។ ដូច្នេះ, ការជ្រើសរើសយកគណបក្សប្រជាជនកម្ពុជាឱ្យបន្តដឹកនាំនាវាកម្ពុជា គឺជាការជ្រើសរើសដើម្បីអនាគតកម្ពុជាមួយ ដែលមានសន្តិភាព មានភាពរុងរឿង, ជាការបោះឆ្នោត ដើម្បីខ្លួនឯង, ជាការបោះឆ្នោតដើម្បីកូនចៅខ្លួនឯង និងជាការបោះឆ្នោតដើម្បីជាតិកម្ពុជាទាំងមូល។
ទោះបីក្រោមដំណក់ទឹកភ្លៀង សមាជិកសមាជិកាទាំងអស់សុទ្ធតែបានបង្ហាញនូវទឹកមុខរីក រាយ ក្លៀវក្លា និងបានប្រកាសប្តេជ្ញាចិត្ត ហើយអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ សូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ឱ្យឈ្នះភ្លូកទឹកភ្លូកដី ដើម្បីបន្តផ្តល់ការគាំទ្រសម្ដេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រីនៅអាណត្តិទី៧ និងគាំទ្របណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីនាពេលអនាគត ដើម្បីបន្តដឹកនាំប្រទេសឆ្ពោះទៅកាន់សុខសន្តិភាព និងការអភិវឌ្ឍ៕




