ភ្នំពេញ៖ នៅថ្ងៃចុងបញ្ចប់នៃយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ សម្រាប់រាជធានីភ្នំពេញមានគណបក្សនយោបាយចំនួនពីរបានធ្វើយុទ្ធនាការឃោសនា គឺគណបក្សប្រជាជនកម្ពុជាដឹកនាំដោយឯកឧត្តម ហ៊ុន ម៉ាណែត មានសមាជិក-សមាជិកាបក្សចូលរួមរាប់ម៉ឺននាក់ ខណៈគណបក្សហ៊្វុនស៊ិនប៉ិចដឹកនាំដោយព្រះអង្គម្ចាស់ នរោត្តម ចក្រាវុធ មានសមាជិក-សមាជិកាបក្សជាងពីរពាន់នាក់ចូលរួម។
គណបក្សប្រជាជនកម្ពុជាបានជួបប្រជុំគ្នា ដើម្បីដង្ហែក្បួនបិទយុទ្ធនាការឃោសនាបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧នេះជាលក្ខណៈទ្រង់ទ្រាយធំ ដោយបានជួបជុំគ្នានៅមជ្ឈមណ្ឌលកោះពេជ្រ ដែលមានអ្នកចូលរួមរាប់ម៉ឺននាក់ ខណៈគណបក្សរាជានិយមហ៊្វុនស៊ិនប៉ិចបានប្រមូលផ្តុំ និងដង្ហែយុទ្ធនាការបានធ្វើឡើងចាប់ពីចំណុចផ្លូវ៦០ម៉ែត្រ ដោយមានអ្នកចូលរួមជាងពីរពាន់នាក់តែប៉ុណ្ណោះ។
សូមបញ្ជាក់ថា ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ នឹងធ្វើឡើងនាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ខាងមុខនេះ ដោយមានគណបក្សនយោបាយចំនួន១៨ចូលរួមប្រកួតប្រជែងតាម បែបប្រជាធិបតេយ្យសេរីពហុបក្ស។
ខណៈការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តនីតិកាលទី៧នេះ នៅសល់តែ២ថ្ងៃទៀតនឹងមកដល់ ហើយនោះ ឯកឧត្តម ហ៊ុន ម៉ាណែត បេក្ខជនតំណាងរាស្រ្តលេខរៀងទី១ នៅមណ្ឌលរាជធានីភ្នំពេញមកពីគណបក្សប្រជាជនកម្ពុជា និងព្រះអង្គម្ចាស់នរោត្តម ចក្រាវុធ ព្រះប្រធានគណបក្សហ៊្វុនស៊ិនប៉ិច ក៏បានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋ ខ្មែរទាំងអស់ដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត អញ្ជើញទៅចូលរួមបោះឆ្នោតឲ្យបានគ្រប់ៗគ្នាផងដែរ ដើម្បីបំពេញជាកាតព្វកិច្ចពលរដ្ឋល្អ៕អត្ថបទ បាន ចក់







