ស្វាយរៀង៖ ខណៈដែលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ចូលមកដល់នៅថ្ងៃអាទិត្យនេះ គណបក្សនោយបាយនៅខេត្តស្វាយរៀង ពិសេសគណបក្សប្រជាជនកម្ពុជា បានធ្វើយុទ្ធនាការទ្រង់ទ្រាយធំជាថ្មីម្តងទៀតនៅថ្ងៃចុងក្រោយ នៃការហែក្បួនឃោសនា នៅព្រឹកថ្ងៃទី២១ ខែកក្កដា ដោយធ្វើការហែក្បូន នៅគ្រប់បណ្តាស្រុកទូទាំងខេត្ត។
យោងតាមរបាយការណ៍របស់គណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀងបញ្ជាក់ថា នៅថ្ងៃចុងក្រោយនៃការឃោសនារកសម្លេងឆ្នោតនេះ មានគណបក្សនយោបាយបីតែប៉ុណ្ណោះដែលបានធ្វើកម្មភាព ដោយក្នុងនោះ គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង មានការជួបជុំនៅទីស្នាក់ការបក្សរបស់ខ្លួននៅទូទាំងខេត្ត មុនហែចេញទៅកាន់គោលដៅរៀងឃុំរៀងៗខ្លួន។ ជាក់ស្តែង នៅទីស្នាក់គណបក្សប្រជាជនកម្ពុជាខេត្តស្វាយរៀង មានការជួបជុំសមាជិក អ្នកគាំទ្រ ១២០០០នាក់ក្រោមអធិបតីភាពសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្សប្រជាជនកម្ពុជា និងជាប្រធានក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានខេត្តស្វាយរៀង, ស្រុករមាសហែក ១០០០០នាក់, ស្វាយជ្រុំជាង៧០០០នាក់ និងស្រុកកំពង់រោទិ៍ ១៥០០នាក់ ។
មានប្រសាសន៍ទៅកាន់អ្នកគាំទ្រសម្តេចកិត្តិសង្គហបណ្ឌិត បានថ្លែងអំណរអរគុណ និងកោតសសើរដល់សមាជិក ដែលបានធ្វើយុទ្ធនាការឃោសនាបោះឆ្នោត រយៈពេលជាង២០ថ្ងៃនេះ ប្រកបដោយការទទួលខុសត្រូវ និងគោរពទៅតាមច្បាប់នៃការបោះឆ្នោត។
សម្តេច ក៏បានអំពាវនាវឱ្យបងប្អូនប្រជាពលរដ្ឋដែលមានឈ្មោះក្នុងបញ្ជីឈ្មោះបោះឆ្នោត ទៅបោះឆ្នោតទាំងអស់គ្នា នៅថ្ងៃទី២៣ ខែកក្កដានេះ។
ក្នុងខេត្តស្វាយរៀង ការហែក្បួនឃោសនាថ្ងៃចុងក្រោយនេះ ក្រៅពីសម្តេច ម៉ែន សំអន, មានឯកឧត្តម ឌី វិជ្ជា ប្រធានក្រុមការងារចុះជួយក្រុងស្វាយរៀង ដឹកនាំហែក្បួនឃោសនា, ស្រុករមាសហែក ដឹកនាំដោយឯកឧត្តម ប្រធានក្រុមការងារស្រុក សៅ សុខា, ស្រុកកំពង់រោទិ៍ ឯកឧត្តម កឹង ឃន, ក្រុងបាវ៉ិត ដឹកនាំក្បូនដោយឯកឧត្តម លី ធុច, ស្រុកចន្ទ្រា ដឹកនាំដោយ ឯកឧត្តម ម៉ឹង សំផន, ស្រុកស្វាយទាប ឯកឧត្តម ម៉ក់ សារុន, ស្រុករំដួលដឹកនាំដោយឯកឧត្តម ខ្វាន់ សៀម និងស្រុកស្វាយជ្រុំដឹកនាំដោយ ឯកឧត្តម ចៅ ភិរុណ។
យុវជនគណបក្សប្រជាជនកម្ពុជា ដែលបានចូលរួមក្នុងយុទ្ធនាការឃោស សុទ្ធតែបានបង្ហាញពីការត្រៀមខ្លួនរួចរាល់ដើម្បីទៅបោះឆ្នោតនៅថ្ងៃអាទិត្យ ហើយបានអំពាវនាវដល់បងប្អូនប្រជាពលរដ្ឋនានាដែលមានឈ្មោះបោះឆ្នោត ទៅចូលរួមទាំងអស់គ្នា ហើយកុំជឿទៅលើការឃោសនាណាមួយដែលរារាំងដល់ការបោះឆ្នោត។
យោងគណៈកម្មការរៀបចំការបោះឆ្នោតខេត្តស្វាយរៀង បញ្ជាក់ថា គណបក្សនយោបាយដែលបានចុះបញ្ជីគណបក្សនយោបាយឈរឈ្មោះបោះឆ្នោត និងបញ្ជីបេក្ខជនឈរឈ្មោះបោះឆ្នោត នៅមណ្ឌលបោះឆ្នោតខេត្តស្វាយរៀងមាន១៣គណបក្សប្រជែងកៅអីតំណាងរាស្ត្រ០៥អាសនៈ រូមមានគណបក្សប្រជាជនកម្ពុជា យុវជនកម្ពុជា ខ្មែររូបរួមជាតិ ធម្មាធិបតេយ្យ សញ្ជាតិកម្ពុជា ខ្មែរតែមួយ ខ្មែរអភិរក្ស ហ៊្វុនស៊ិនប៉ិច សំបុកឃ្មុំសង្គមប្រជាធិបតេយ្យ ប្រជាធិបតេយ្យមូលដ្ឋាន ជនជាតិដើម្បីប្រជាធិបតេយ្យ ស្ត្រីដើម្បីស្ត្រី និងគណបក្សខ្មែរឈប់ក្រ។ នៅទូទាំងខេត្តស្វាយរៀងមានអ្នកចុះឈ្មោះបោះឆ្នោត ៤១៥ ៩២១នាក់ និង៩៨៤ការិយាល័យបោះឆ្នោត៕ អត្ថបទ៖ គង់ ហួន









