ថៃ៖ មន្ត្រីជាន់ខ្ពស់មួយរូប នៅថ្ងៃសុក្រ (ទី២១ ខែកក្កដា) បាននិយាយថា គណបក្សដំណើរឆ្ពោះទៅមុខ (Move Forward) ដែលឈ្នះការបោះឆ្នោតរបស់ប្រទេសថៃ នឹងអនុញ្ញាតឲ្យគណបក្សសម្ព័ន្ធមិត្ត គឺគណបក្សភឿថៃដឹកនាំការបង្កើតរដ្ឋាភិបាល បន្ទាប់ពីបេក្ខជននាយករដ្ឋមន្ត្រីរបស់គណបក្ស បរាជ័យក្នុងការទទួលបានការគាំទ្រពីសភា។

អគ្គលេខាធិការរបស់គណបក្សនេះ លោក Chaithawat Tulaton បានប្រាប់សន្និសីទសារព័ត៌មានថា គណបក្សដំណើរឆ្ពោះទៅមុខ (Move Forward) នឹងគាំទ្របេក្ខភាពរបស់គណបក្សភឿថៃណាម្នាក់ដែលស្នើសម្រាប់តំណែងនាយករដ្ឋមន្ត្រី នៅក្នុងការបោះឆ្នោតសភា ដែលគ្រោងធ្វើនៅថ្ងៃទី២៧ ខែកក្កដា។
គណបក្សសម្ព័ន្ធភាពទាំង៨ បានគាំទ្រមេដឹកនាំវ័យ ៤២ឆ្នាំរបស់គណបក្សដំណើរឆ្ពោះទៅមុខ (Move Forward) គឺលោក Pita Limjaroenrat សម្រាប់តួនាទីនេះ ប៉ុន្តែមេដឹកនាំរូបនេះ មិនអាចទទួលបានការគាំទ្រ ក្នុងការបោះឆ្នោតនៃសភាទាំង២ នៅថ្ងៃទី១៣ ខែកក្កដានោះឡើយ ហើយការស្នើឈរឈ្មោះជាថ្មីម្ដងទៀតរបស់លោក នៅ ៦ថ្ងៃក្រោយមក ត្រូវបានរារាំងដោយសមាជិកសភា។

គណបក្សដំណើរឆ្ពោះទៅមុខ (Move Forward) និងភឿថៃ (Pheu Thai) មានអាសនៈរៀងខ្លួន ១៥១ និង ១៤១ នៅក្នុងសភាជាន់ទាបដែលមានសមាជិក ៥០០រូប ប៉ុន្តែសម្ព័ន្ធភាពត្រូវការការគាំទ្រជាងពាក់កណ្តាលនៃសំឡេងរួមបញ្ចូលគ្នាពីសភាទាំង២ ក្នុងនោះរួមទាំងសំឡេងពីព្រឹទ្ធសភាជាន់ខ្ពស់ដែលត្រូវបានតែងតាំងដោយពួកយោធា ដែលបានរារាំងការប៉ុនប៉ងរបស់លោក Pita ដើម្បីក្លាយជានាយករដ្ឋមន្ត្រី។
យ៉ាងណាក្ដី នាយករដ្ឋមន្ត្រីចាំផ្ទះរបស់ប្រទេសថៃ លោក Prayut Chan-o-cha កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) បានអំពាវនាវឲ្យគ្រប់គ្នារក្សាភាពស្ងប់ស្ងាត់ បន្ទាប់ពីការប៉ុនប៉ងរបស់បេក្ខជននៃគណបក្សដ៏មានប្រជាប្រិយភាព ដើម្បីស្នងតំណែងតពីរូបលោក ត្រូវបានរារាំងដោយសមាជិកសភាយោធា និងរាជានិយមនេះ៕