កូឡុំប៊ី ៖ ប្រធានាធិបតីនៃប្រទេសកូឡុំប៊ី និងនីការ៉ាហ្គ័រ បានបង្ហាញពីឆន្ទៈរបស់ពួកគេក្នុងការឈានដល់កិច្ចព្រមព្រៀងមួយដោយផ្អែកលើសេចក្តីសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិ (ICJ) កាលពីសប្តាហ៍មុនទាក់ទងនឹងជម្លោះព្រំដែនសមុទ្រដែលអូសបន្លាយពេលយូរលើកោះចំនួនបីនៃប្រជុំកោះការ៉ាអ៊ីប។
ប្រធានាធិបតីនីការ៉ាហ្គ័រលោក Daniel Ortega បាននិយាយថា លោកចង់ឱ្យកិច្ចព្រមព្រៀងនេះរួមបញ្ចូលសេចក្តីសម្រេចឆ្នាំ២០១២ របស់តុលាការ ICJ ដែលបានផ្តល់ឱ្យប្រទេសអាមេរិកកណ្តាលនូវសិទ្ធិសេដ្ឋកិច្ចលើផ្ទៃដី៧៥.០០០គីឡូម៉ែត្រក្រឡា (៨៩.៧០០យ៉ាតក្រឡា) ។
ចាប់តាំងពីដើមសតវត្សរ៍ទី២០មក ប្រទេសនីការ៉ាហ្គ័រ និងកូឡុំប៊ីបានឈ្លោះប្រកែកគ្នាអំពីកម្មសិទ្ធិនៃដែនទឹកដែលសម្បូរដោយធនធានរ៉ែ និងមច្ឆជាតិនៅក្នុងសមុទ្រ ការាអ៊ីប ទោះបីជាប្រទេសទាំងពីរមិនមានព្រំដែនគោកជាប់គ្នាក៏ដោយ។
ប្រទេសនីការ៉ាហ្គ័របានស្នើសុំឲ្យតុលាការពិភពលោក ដែលមានទំនាក់ទំនងនឹងអង្គការសហប្រជាជាតិ ឬតុលាការ ICJ ពង្រីកព្រំប្រទល់ដែនសមុទ្រទឹកជ្រៅស្របច្បាប់របស់ខ្លួន ដោយអះអាងថាខ្ពង់រាបបាតសមុទ្ររបស់ខ្លួននៅក្រោមសមុទ្រនេះមានទំហំលើសពី ២០០ម៉ាយល៍ណត់ (៣៧០គីឡូម៉ែត្រ) ចេញពីឆ្នេរសមុទ្ររបស់ខ្លួន។ ក្រុមចៅក្រមបានរកឃើញថា សិទ្ធិនៅឈូងសមុទ្ររបស់នីការ៉ាហ្គ័រត្រូវបានបង្កើតឡើងកាលពីមុន ហើយបានបដិសេធការអំពាវនាវរបស់ប្រទេសនេះក្នុងការទាមទារឲ្យពង្រីកព្រំដែននេះ៕

