វេណេហ្ស៊ុយអេឡា៖ យោងតាមសេចក្ដីរាយការណ៍បានឲ្យដឹងថា យន្តហោះកងទ័ពអាកាសរុស្ស៊ី ២គ្រឿងបានចុះចតនៅអាកាសយានដ្ឋានរបស់វេណេហ្ស៊ុយអេឡាកាលពីថ្ងៃសៅរ៍ ដឹកមន្ត្រីការពារជាតិរុស្ស៊ីម្នាក់ និងទាហានជិត ១០០នាក់ ស្របពេលមានការពង្រឹងទំនាក់រវាងទីក្រុងការ៉ាកាស់ និងទីក្រុងមូស្គូ។
វែបសាយតាមដានជើងហោះហើរបានបង្ហាញថា យន្តហោះទាំង ២គ្រឿងនេះបានចាកចេញពីអាកាសយានដ្ឋានយោធារុស្ស៊ី ឆ្ពោះទៅកាន់ទីក្រុងការ៉ាកាស់កាលពីថ្ងៃសុក្រ ហើយវែបសាយតាមដានជើងហោះហើរមួយទៀតបង្ហាញថា យន្តហោះ ១គ្រឿងបានចាកចេញពីទីក្រុងការ៉ាកាស់កាលពីថ្ងៃអាទិត្យ។ ដំណើរវិវត្តន៍ដ៏រសើបមួយនេះបានកើតមានឡើងរយៈពេល ៣ខែប៉ុណ្ណោះ ក្រោយប្រទេសទាំង២ បានធ្វើសមយុទ្ធយោធារួមគ្នានៅលើទឹកដីវេណេហ្ស៊ុយអេឡា ដែលលោកប្រធានាធិបតី នីកូឡាស់ ម៉ាឌូរ៉ូ បានចាត់ទុកថា ជាសញ្ញានៃការពង្រឹងទំនាក់ទំនងប្រទេសទាំង២ ប៉ុន្តែត្រូវបានទីក្រុងវ៉ាស៊ីនតោនរិះគន់ថា រុស្ស៊ីកំពុងឈ្លានពានក្នុងតំបន់។
អ្នកធ្វើសេចក្ដីរាយការណ៍ ចាវីយើ ម៉ាយ័រកា បានសរសេរលើ Twitter កាលពីថ្ងៃសៅរ៍ថា យន្តហោះទី១ ដឹកលោក វ៉ាស៊ីលី តុនកូសគូរ៉ូវ គឺជានាយសេនាធិការកងទ័ពជើងគោក ហើយយន្តហោះទី២ ជាប្រភេទយន្តហោះដឹកទំនិញដឹកសម្ភារទម្ងន់ ៣៥តោន៕
អត្ថបទ៖ សារ៉ាត់
