បាត់ដំបង៖ ឯកឧត្តម ឡាំ ជា អនុប្រធានទី១ ក្រុមការងារគណបក្សប្រជាជនកម្ពុជាចុះមូលដ្ឋានស្រុកគាស់ក្រឡ ខេត្តបាត់ដំបង តំណាងឯកឧត្តម ប៊ុន ហុន ប្រធានក្រុមការងារ បានដឹកនាំធ្វើយុទ្ធនាការរកសំឡេងឆ្នោត នៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ នាថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២៣ ដែលជាថ្ងៃបិទបញ្ចប់ នៅមូលដ្ឋានស្រុកគាស់ក្រឡ ។
ក្នុងយុទ្ធនាការនេះ ក៏មានការចូលរួមពីសំណាក់ឯកឧត្តមបណ្ឌិត ស្រេង វង្សហៀង អនុប្រធានក្រុមការងារចុះជួយស្រុកគាស់ក្រឡ និងជាប្រធានក្រុមការងារ គណបក្សចុះមូលដ្ឋានឃុំព្រះផុស, លោកជំទាវបណ្ឌិត សុត សុវណ្ណដា អនុប្រធានក្រុមការងារចុះមូលដ្ឋានឃុំ រួមទាំងអនុប្រធានក្រុមការងារ សមាជិក សមាជិកា រួមទាំងអ្នកគាំទ្រយ៉ាងច្រើនកុះករ ។
ក្នុងឱកាសនោះ ឯកឧត្តម ឡាំ ជា បានសម្តែងក្តីមោទនៈ ចំពោះការចូលរួមយ៉ាងសកម្មសមាជិក សមាជិកា ក្នុងការឃោសនារកសម្លេងឆ្នោះរយៈពេល ២០ថ្ងៃកន្លងមកនេះ ហើយថ្ងៃនេះគឺជាថ្ងៃទី២១ និងជាថ្ងៃត្រូវបិទបញ្ចប់យុទ្ធនាការ។
ឯកឧត្តមអនុប្រធានក្រុមការងារ បានកត់សម្គាល់អំពីសកម្មភាពដ៏ល្អកន្លងមក របស់ក្រុមការងារតាមបណ្ដាឃុំ បានខិតខំផ្សព្វផ្សាយពីគោលនយោបាយដ៏ត្រឹមត្រូវ របស់គណបក្សប្រជាជនកម្ពុជា ដែលជាគណបក្សមានការទទួលខុសត្រូវខ្ពស់បំផុត ចំពោះអាយុជីវិតប្រទេសជាតិ និងប្រជាជនកម្ពុជា។
ជាមួយនេះ ឯកឧត្តម បានអំពាវនាវទៅពលរដ្ឋ សូមអញ្ជើញទៅចូលរួមបោះឆ្នោតឱ្យបានគ្រប់ៗគ្នា និងសូមបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលមានរូបសញ្ញាទេវតាបាចផ្កាជាសម្គាល់ ស្ថិតនៅលេខរៀងទី១៨ លើសន្លឹកឆ្នោត ដើម្បីរក្សាសុខសន្តិភាព ប្រជាធិបតេយ្យ និងការអភិវឌ្ឍ និងដើម្បីបន្តគាំទ្របេក្ខភាពសម្តេចតេជោ ហ៊ុន សែន ជានាយករដ្ឋមន្ត្រី អាណត្តិទី៧ និងគាំទ្រឯកឧត្តមបណ្ឌិត ហ៊ុន ម៉ាណែត ជាបេក្ខភាពនាយករដ្ឋមន្ត្រីបន្តវេនដឹកនាំប្រទេសជាតិនាពេលអនាគត៕ អត្ថបទ៖ បាន សុខរិទ្ធិ










