ជប៉ុន ៖ អាជីវករលក់គ្រឿងសមុទ្រនៅខេត្ត ហ្វូគូស៊ីម៉ារបស់ប្រទេសជប៉ុន បានជួបការលំបាកចាប់តាំងពីឧបទ្ទវហេតុរោងចក្រថាមពលនុយក្លេអ៊ែរកាលពីឆ្នាំ២០១១មក ហើយឥឡូវនេះពួកគេកំពុងភ័យខ្លាចថាការបង្ហូរសំណល់ទឹកនុយក្លេអ៊ែរដែលត្រូវបានធ្វើប្រព្រឹត្តកម្មរួច នឹងធ្វើឱ្យអត្រាការលក់ដូរធ្លាក់ចុះ ព្រមទាំងបង្កគ្រោះថ្នាក់ដល់ជីវភាពរស់នៅរបស់ពួកគេ។
តម្លៃ និងការលក់ផលិតផលគ្រឿងសមុទ្ររបស់ខេត្ត ហ្វ៊ូគូស៊ីម៉ា បានធ្លាក់ចុះបន្ទាប់ពីឧបទ្ទវហេតុរោងចក្រ ហ្វូគូស៊ីម៉ា នេះកាលពីជាងមួយទស្សវត្សរ៍មុន ហើយមិនទាន់ងើបឡើងវិញពេញលេញនៅឡើយ។
នៅក្នុងទីផ្សារលក់ដុំរបស់ទីក្រុងតូក្យូ តម្លៃជាមធ្យមនៃផលិតផលគ្រឿងសមុទ្រពីខេត្ត ហ្វូគូស៊ីម៉ា ធ្លាប់មានតម្លៃទាបជាងតម្លៃមធ្យមជាតិចំនួន ៧០ភាគរយ ហើយបច្ចុប្បន្ននេះ តម្លៃផលិតផលគ្រឿងសមុទ្រដែលផលិតនៅខេត្ត ហ្វ៊ូគូស៊ីម៉ា នៅតែទាបជាងតម្លៃមធ្យមជាតិដដែល។
ទោះបីជាមានការខិតខំប្រឹងប្រែងពីមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលជប៉ុនក្នុងការបញ្ចុះបញ្ចូលឲ្យមានការគាំទ្រនៅក្នុងផែនការ ហ្វ៊ូគូស៊ីម៉ា និងនៅតំបន់ជុំវិញរបស់វាក៏ដោយ ក៏ក្រុមអ្នកនេសាទក្នុងស្រុក និងសហព័ន្ធជាតិនៃសមាគមជលផល បាននឹងកំពុងប្រកាន់ជំហរប្រឆាំងនឹងផែនការនេះ។
អ្នកស្រុកជាច្រើនបាននិយាយថា ពួកគេសង្ឃឹមថានឹងបន្តអាជីវកម្មនេសាទ ប៉ុន្តែពួកគេមានការភ័យខ្លាចថា ការបង្ហូរទឹកសំណល់នុយក្លេអ៊ែរនេះ នឹងធ្វើឱ្យជីវភាពរបស់ពួកគេកាន់តែលំបាក៕

