ប្រធានាធិបតីស្រីលង្កាលោក Ranil Wickremesingheបានធ្វើដំណើរទៅដល់ទីក្រុងញូវ ដែល្លី ប្រទេសឥណ្ឌា កាលពីថ្ងៃព្រហស្បតិ៍ សម្រាប់ដំណើរទស្សនកិច្ចរយៈពេល ២ថ្ងៃ ដោយសង្ឃឹមថានឹងពង្រឹងទំនាក់ទំនងសេដ្ឋកិច្ចរវាងប្រទេសនៅអាស៊ីខាងត្បូងទាំង ២ ។
គម្រោងយុទ្ធសាស្រ្តហេដ្ឋរចនាសម្ព័ន្ធ ថាមពល និងកំពង់ផែ ត្រូវបានលើកយកមកពិភាក្សាអំឡុងជំនួបរបស់លោកជាមួយនាយករដ្ឋមន្រ្តីឥណ្ឌាលោក Narendra Modiនៅថ្ងៃសុក្រនេះ ។ នេះបើយោងតាមការអះអាងឲ្យដឹងរបស់ក្រុមមន្រ្តីមកពីប្រទេសទាំង ២ ។
លោក Arindam Bagchi គឺជាអ្នកនាំពាក្យក្រសួងការបរទេសឥណ្ឌា បានកត់សំគាល់ឃើញថា ដំណើរទស្សនកិច្ចរបស់លោក Wickremesinghe នឹងពង្រឹងបន្ថែមទៀតភាពជាដៃគូច្រើនដងរវាងឥណ្ឌា និងស្រីលង្កា ។
លោក Bagchi បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterពេលលោក Wickremesinghe និងលោក Modi ចាប់ផ្តើមកិច្ចប្រជុំរបស់ពួកគេថា វាគឺជាឱកាសមួយត្រូវពិនិត្យឡើងវិញ និងផ្តល់សន្ទុះបន្ថែមទៀតដល់ទំនាក់ទំនងដ៏យូរអង្វែងរវាងឥណ្ឌា និងស្រីលង្កា ស្របពេលដែលប្រទេសទាំង ២ប្រារព្ធខួបទំនាក់ទំនងការទូតរយៈពេល ៧៤ឆ្នាំ ។
អំឡុងដំណើរទស្សនកិច្ចនេះដែរ លោក Wickremesingheមានជំនួបផងដែរជាមួយសមភាគីឥណ្ឌាលោក Droupadi Murmu ហើយនិងបានពិភាក្សាលើបញ្ហាជាច្រើនលើផលប្រយោជន៍គ្នាទៅវិញទៅមក ជាមួយលោក Modi និងឥស្សរជនជាច្រើនរូបទៀតរបស់ឥណ្ឌា ។
នៅក្នុងដំណើរទស្សនកិច្ចលើកដំបូងរបស់លោកទៅកាន់ប្រទេសឥណ្ឌា ចាប់តាំងពីលោកឡើងកាន់អំណាចជាប្រធានាធិបតី ក្រោយអ្នកឡើងកាន់តំណែងមុនរបស់លោកត្រូវបានគេបង្ខំឲ្យលាលែង បន្ទាប់ពីបាតុកម្មទ្រង់ទ្រាយធំនោះ លោក Wickremesinghe បានផ្តល់ព័ត៌មានចុងក្រោយដល់ទីក្រុងញូវដែល្លីផងដែរ ពីវឌ្ឍនភាពត្រូវបានបង្កើតឡើងដើម្បីធ្វើឲ្យស្ថិរភាពដល់សេដ្ឋកិច្ចរងផលប៉ះពាល់ដោយវិបត្តិនៅក្នុងប្រទេសរបស់លោក ៕