
កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញ ក្រុមនគរបាល បានព្រមានឲ្យសាធារណជនស្នាក់នៅក្នុងផ្ទះនៅតំបន់ភាគនិរតីទីក្រុងប៊ែរឡាំង ស្របពេលដែលពួកគេកំពុងតាមរកសត្វតោញីមួយក្បាល ។
ក្រុមនគរបាលក្រុងប៊ែរឡាំង បាននិយាយនៅលើបណ្តាញព័ត៌មានសង្គម Twitterថា តំបន់ដែលត្រូវប្រុងប្រយ័ត្ន ខ្ពស់ រួមទាំងតំបន់ភាគខាងត្បូងរដ្ឋធានីផងដែរ ។
ការិយាល័យការពារស៊ីវិលសហព័ន្ធអាល្លឺម៉ង់ បានចេញការព្រមានដល់អ្នកស្រុក ដោយណែនាំពួកគេឲ្យរក្សាសត្វចិញ្ចឹមឲ្យនៅក្នុងផ្ទះ ។
អ្នកនាំពាក្យនគរបាលនៅរដ្ឋ Brandenburg និយាយថា ប្រតិបត្តិការរបស់ក្រុមនគរបាល បានចាប់ផ្តើមទាំងយប់ជាមួយនឹងការដាក់ពង្រាយឧទ្ធម្ភាគចក្រ ២គ្រឿង និងប្រតិបត្តិការតាមប្រម៉ាញ់នេះ ត្រូវបានបង្កើននៅពេលព្រឹក ពេលដែលក្រុមមន្រ្តីរាប់រយនាក់ តាមចាប់សត្វតោញីមួយក្បាលនេះ ។
ប្រតិបត្តិការរុករកបច្ចុប្បន្នគ្របដណ្តប់លើទីក្រុង Kleinmachnow និងទីក្រុង Stahnsdorf របស់រដ្ឋ Brandenburg ។
នៅពេលសួរថាតើសត្វតោញីមួយក្បាលនេះ មកពីទីណា អ្នកនាំពាក្យនគរបាលនិយាយថា គេនៅមិនទាន់ដឹងច្បាស់នោះទេ ។ មាននូវទីតាំងជាច្រើនដែលរក្សាសត្វតោនៅក្នុងតំបន់នេះ ដូចជានៅតាមសួនសត្វ និងវង់សៀក ប៉ុន្តែគ្មាននរណាម្នាក់ បានរាយការណ៍ពីការបាត់សត្វរបស់ពួកគេនោះឡើយ ៕