
ក្រុមមន្ត្រីក្រសួងការពារជាតិនៃប្រទេសអូស្ត្រាលី និងសហរដ្ឋអាមេរិកបានប្រាប់អ្នកយកព័ត៌មាននៅទីក្រុងស៊ីដនីនៅថ្ងៃសុក្រ (២១ កក្កដា)នេះថា អូស្ត្រាលី និងសហរដ្ឋអាមេរិក គ្រោងនឹងចាប់ផ្តើមសមយុទ្ធយោធារួមគ្នាដ៏ធំបំផុតមិនធ្លាប់មានរវាងប្រទេសទាំងពីរ។
ដោយថ្លែងពីនាវាសហរដ្ឋអាមេរិកឈ្មោះថា USS Canberra ដែលចូលចតនៅកំពង់ផែទីក្រុងស៊ីដនី រដ្ឋមន្ត្រីការពារជាតិអូស្ត្រាលីលោក Richard Miles និងរដ្ឋមន្ត្រីក្រសួងការពារជាតិអាមេរិកលោក Carlos Del Toro បានអះអាងពីការប្តេជ្ញាចិត្តរបស់ពួកគេក្នុងការពង្រឹងទំនាក់ទំនងយោធាយុទ្ធសាស្ត្ររវាងប្រជាជាតិទាំងពីរ និងសម្ព័ន្ធមិត្តផ្សេងទៀតផងដែរ។
ប្រធានប្រតិបត្តិការរួមនៅកងកម្លាំងការពារជាតិអូស្ត្រាលីបាននិយាយថា ក្រុមមន្ត្រីការពារជាតិអូស្ត្រាលី កំពុងតាមដាននាវារបស់ប្រទេសចិន នៅឆ្នេរសមុទ្រភាគខាងកើតរបស់ពួកគេ ដែលត្រូវបានរំពឹងថានឹងធ្វើការត្រួតពិនិត្យសមយុទ្ធមួយនេះ ដោយធានាថាវត្តមានរបស់នាវាចិនមិនមែនជារឿងចម្លែកនោះទេ។
បុគ្គលិកយោធាជាង ៣០.០០០នាក់មកពីប្រទេសអូស្ត្រាលី សហរដ្ឋអាមេរិក និងប្រទេសចំនួន ១១ផ្សេងទៀត នឹងចូលរួមនៅក្នុងសមយុទ្ធសង្រ្គាមឈ្មោះថា Talisman Saber ប្រចាំឆ្នាំដែលនឹងចាប់ផ្តើមពីថ្ងៃទី២២ ខែកក្កដាដល់ថ្ងៃទី៤ ខែសីហាខាងមុខនេះ៕