
ជម្លោះប្រដាប់អាវុធដែលអូសបន្លាយពេលនៅក្នុងប្រទេសស៊ូដង់ បានធ្វើឲ្យកាន់តែធ្ងន់ធ្ងរកម្រិតនៃភាពអត់ឃ្លាននៅក្នុងប្រទេសនេះ ដោយការស្តុកទុកស្បៀងអាហារនៅក្នុងតំបវន់ជាច្រើន បានអស់ទៅហើយ ហើយបណ្តាញផ្គត់ផ្គង់ត្រូវបានកាត់ផ្តាច់ដោយសារតែសង្គ្រាម។ រដ្ឋធានី Khartoum និងទីក្រុង Khartoum ខាងជើង និង Omdurman ដែលជិតខាងរបស់រដ្ឋធានីនេះ ស្ថិតក្នុងចំណោមតំបន់ដែលរងផលប៉ះពាល់បំផុត នៅក្នុងជម្លោះនេះ ដោយហេត្ថារចនាសម្ព័ន្ធត្រូវបានបំផ្លាញយ៉ាងធ្ងន់ធ្ងរ រោងចក្រកែច្នៃស្បៀងអាហារ ជាង៩០ភាគរយ ត្រូវបានបង្ខំឲ្យបិទទ្វារ ហើយមាននៅសល់តែរោងម៉ាស៊ីនកិនស្រូវមួយកន្លែងប៉ុណ្ណោះដែលនៅដំណើរការ។
តម្រូវការមូលដ្ឋាននានា មានការខ្វះខាតខ្លាំងរួមមាន ម្សៅ ទឹកដោះគោ ផលិតផលសណ្តែក ប្រេង និងភេសជ្ជៈដែលអាចបរិភោគបាន។ ការផ្គត់ផ្គង់កំពុងថយចុះជាបន្តបន្ទាប់ ហើយតម្លៃកើនឡើងឥតឈប់ឈរ។
អាជីវកម្មភាគច្រើន នៅក្នុងទីក្រុង Omdurman បានអស់ពីស្តុក ឬ ជិតអស់ ក្នុងពេលចាប់ផ្តើមកាន់តែយ៉ាប់យ៉ឺនស្ថានភាពសន្តិសុខ។ ទន្ទឹមនឹងនេះ ប្រាក់សន្សំរបស់ពលរដ្ឋក៏បានថយចុះ ខណៈស្ទើរតែមនុស្សគ្រប់គ្នា បានបាត់បង់ប្រភពប្រាក់ចំណូល បន្ទាប់ពីជម្លោះបានផ្ទុះឡើង ដែលកំពុងបណ្តាលឲ្យគ្រួសារជាច្រើនទទួលបានត្រឹមតែអាហារមួយពេលក្នុងមួយថ្ងៃ។
ពលរដ្ឋសង្ឃឹមថា នឹងទទួលបានជំនួយកាន់តែច្រើន ពីអង្គការផ្តល់ជំនួយមនុស្សធម៌ ទោះបីការប្រយុទ្ធគ្នានៅបន្ត ដែលការផ្គត់ផ្គង់ជំនួយនៅតែពិបាកចូលទៅដល់នៅក្នុងតំបន់ជាច្រើន។