
ប្រធានាធិបតីចិនលោក Xi Jinping បាននិយាយប្រាប់លោក Henry Kissinger ( ហិនរី ឃីសស៊ីនជើ) ដែលជាអតីតមន្រ្តីការទូតដ៏សំខាន់មួយរូបរបស់អាមេរិកថា មិត្តចាស់ដូចជារូបលោក នឹងមិនអាចបំភ្លេចបាននោះទេ ។ លោក Xi បាននិយាយបែបនេះ អំឡុងដំណើរទស្សនកិច្ចដ៏គួរភ្ញាក់ផ្អើលរបស់លោក Kissingerទៅកាន់ទីក្រុងប៉េកាំង ស្របពេលដែលចិន និងសហរដ្ឋអាមេរិក ព្យាយាមស្តាឡើងវិញនូវទំនាក់ទំនងប្រេះស្រាំរបស់ពួកគេ ។
អំឡុងជំនួបរបស់ពួកគេនៅថ្ងៃនេះក្នុងទីក្រុងប៉េកាំង លោក Xiបាននិយាយប្រាប់លោក Kissingerថា ជាថ្មីម្តងទៀតដែលចិន និងសហរដ្ឋអាមេរិក ស្ថិតនៅលើផ្លូវបំបែក ជាកន្លែងដែលត្រូវទៅពីទីនេះ ហើយជាថ្មីម្តងទៀតដែលភាគីទាំង ២ត្រូវការជ្រើសរើសផ្លូវរបស់ខ្លួន ។
គួរឲ្យដឹងថា លោក Kissinger ធ្លាប់ដើរតួការទូតដ៏សំខាន់ក្នុងការធ្វើឲ្យមានទំនាក់ទំនងធម្មតារវាងទីក្រុងវ៉ាស៊ីងតោន និងទីក្រុងប៉េកាំង កាលពីអំឡុងទសវត្សរ៍ឆ្នាំ ១៩៧០ ពេលដែលលោកបម្រើការជារដ្ឋមន្រ្តីការបរទេសសហរដ្ឋអាមេរិក ហើយនិងជាទីប្រឹក្សាសន្តិសុខជាតិរបស់រដ្ឋបាលលោកប្រធានាធិបតី Richard Nixon និងលោកប្រធានាធិបតី Gerald Ford ។
កាលពីខែមិថុនា ឆ្នាំ ១៩៧១ លោក Kissingerបានបំពេញទស្សនកិច្ចដោយសម្ងាត់មកកាន់ទីក្រុងប៉េកាំង ។ ជំនួបរបស់លោកនៅទីនោះ នាំឲ្យមានកិច្ចព្រមព្រៀងដែលនាំឲ្យលោក Nixonបំពេញទស្សនកិច្ចមកកាន់ប្រទេសចិន នៅខែកុម្ភៈ ឆ្នាំ ១៩៧២ ។
ដោយកត់សំគាល់ឃើញថា លោក Kissingeទើបតែធ្វើខួបកំណើតលើកទី ១០០របស់លោក និងបានធ្វើដំណើរមកកាន់ប្រទេសចិនជាង ១០០លើកនោះ លោក Xiនិយាយថា ដំណើរទស្សនកិច្ចរបស់គាត់នៅពេលនេះ ពិតជាសំខាន់ខ្លាំងណាស់ ។
លោក Xiបាននិយាយប្រាប់គាត់នៅឯវិមាន Diaoyutai State Guesthouseជាកន្លែងដែលឥស្សរជនបរទេសត្រូវបានទទួលស្វាគមន៍ថា ប្រជាជនចិនមិនដែលបំភ្លេចមិត្តចាស់របស់ពួកគេនោះឡើយ ហើយទំនាក់ទំនងចិន-សហរដ្ឋអាមេរិក តែងតែផ្សាភ្ជាប់ជាមួយឈ្មោះលោក Henry Kissinger ៕