
ក្រសួងការបរទេសចិន កាលពីថ្ងៃព្រហស្បតិ៍ (ទី២០ ខែកក្កដា) បាននិយាយថា ខ្លួននៅតែ«មិនមានព័ត៌មានអ្វី ដើម្បីផ្តល់ឲ្យ» អំពីអវត្តមានរបស់រដ្ឋមន្ត្រីការបរទេសលោក Qin Gang បន្ទាប់ពីមានរយៈពេលជាង ៣សប្តាហ៍ហើយ គិតចាប់តាំងពីការបង្ហាញខ្លួនជាសាធារណៈចុងក្រោយរបស់លោក។
ក្រសួងការបរទេស នៅមុននេះ បានប្រកាសថា លោក Qin នឹងខកខានមិនបានចូលរួមកិច្ចប្រជុំរដ្ឋមន្ត្រីការបរទេសអាស៊ាន ចាប់ពីថ្ងៃទី១១-១២ ខែកក្កដា នៅទីក្រុងហ្សារកាតា ប្រទេសឥណ្ឌូនេស៊ី ដោយសារហេតុផលសុខភាព ហើយក្រោយមកបាននិយាយនៅថ្ងៃពុធ (ទី១៩ ខែកក្កដា) ថា លោក Wang Yi ដែលជាអ្នកបំពេញតួនាទីជំនួសលោក Qin ក៏នឹងតំណាងឲ្យប្រទេសចិនម្ដងទៀត សម្រាប់កិច្ចប្រជុំ BRICS នៅទីក្រុង Johannesburg របស់ប្រទេសអាហ្វ្រិកខាងត្បូង នៅថ្ងៃទី ២៤-២៥ ខែកក្កដានេះ។
ចាប់តាំងពីពេលនោះមក ក្រសួងបានបដិសេធមិនផ្តល់ព័ត៌មានបន្ថែមអំពីអវត្តមានរបស់លោក Qin វ័យ ៥៧ឆ្នាំ ដោយបានបដិសេធរាល់សំណួររបស់អ្នកយកព័ត៌មានម្តងហើយម្តងទៀត នៅឯសន្និសីទខ្លីៗប្រចាំថ្ងៃ និងច្រានចោលនូវការប្រែប្រួលនានា ក្នុងនោះរួមទាំងការអត្ថាធិប្បាយដំបូងពាក់ព័ន្ធនឹងសុខភាពពីសម្រង់អត្ថបទផ្លូវការរបស់ខ្លួន។
ការមានវត្តមានជាសាធារណៈចុងក្រោយរបស់លោក Qin គឺក្នុងកិច្ចប្រជុំជាមួយរដ្ឋមន្ត្រីរបស់ប្រទេសរុស្ស៊ី ស្រីលង្កា និងវៀតណាមដែលបានកំពុងបំពេញទស្សនកិច្ច នៅថ្ងៃទី២៥ ខែមិថុនា នៅទីក្រុងប៉េកាំង ហើយអវត្តមានរបស់លោក បានជំរុញឲ្យមានពាក្យចចាមអារ៉ាមយ៉ាងខ្លាំងក្លា នៅក្នុងប្រទេសមួយដែលមានភាពស្មុគស្មាញមិនច្បាស់អំពីជីវិតឯកជននៃមេដឹកនាំរបស់ខ្លួន៕