នាយសេនាធិការចម្រុះរបស់ប្រទេសកូរ៉េខាងត្បូង បាននិយាយនៅថ្ងៃសៅរ៍ទី ២២ ខែកក្កដានេះថា ប្រទេសកូរ៉េខាងជើងបានបាញ់មីស៊ីលតម្រង់គោលដៅជាច្រើនគ្រាប់ ចូលទៅក្នុងសមុទ្រលឿងរវាងប្រទេសចិន និងឧបទ្វីបកូរ៉េ។

ការបាញ់មីស៊ីលទាំងនេះ ដែលយោធាបាននិយាយថា ធ្វើឡើងនៅម៉ោងប្រហែល ៤ ទៀបភ្លឺ ម៉ោងក្នុងតំបន់ កើតមានខណៈទំនាក់ទំនងរវាងកូរ៉េទាំងពីរស្ថិតក្នុងចំណុចទាបបំផុតមួយមិនធ្លាប់មាន។
នាយសេនាធិការ និយាយថា អាជ្ញាធរស៊ើបការណ៍កូរ៉េខាងត្បូង និងសហរដ្ឋអាមេរិក កំពុងវិភាគការបាញ់នេះ ខណៈកំពុងឃ្លាំមើលសញ្ញានៃសកម្មភាពបន្ថែមទៀត។
កូរ៉េខាងជើង បានបាញ់មីស៊ីលបាលីស្ទីកពីរគ្រាប់ចូលសមុទ្រនៅឆ្នេរសមុទ្ររបស់ខ្លួនទៅកាន់ប្រទេសជប៉ុន កាលពីបីថ្ងៃមុន។
ការសាកល្បងសព្វាវុធនាពេលថ្មីៗនេះ គឺជាការធ្វើឡើងជាបន្តបន្ទាប់ចុងក្រោយ របស់ទីក្រុងព្យុងយ៉ាង ហើយបានកើតឡើងខណៈទីក្រុងសេអ៊ូល និងវ៉ាស៊ីនតោន បង្កើនកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ ក្នុងការប្រឈមមុខនឹងភាពតានតឹងកំពុងកើនឡើងជាមួយកូរ៉េខាងជើង។
ទំនាក់ទំនងផ្នែកការទូតរវាងទីក្រុងព្យុងយ៉ាង និងទីក្រុងសេអ៊ូល បានជាប់គាំង ហើយមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន បានអំពាវនាវឱ្យបង្កើនការអភិវឌ្ឍអាវុធ រួមទាំងអាវុធនុយក្លេអ៊ែរតាទិក។

ជាការឆ្លើយតប ទីក្រុងសេអ៊ូល និងទីក្រុងវ៉ាស៊ីនតោន បានធ្វើសមយុទ្ធយោធារួមគ្នាដោយមានយន្តហោះបំបាំងកាយទំនើប និងយុទ្ធោបករណ៍យុទ្ធសាស្ត្ររបស់សហរដ្ឋអាមេរិក ខណៈនាវាមុជទឹកបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែររបស់អាមេរិកនៅសប្តាហ៍នេះ បានធ្វើទស្សនកិច្ចមកកាន់កំពង់ផែប្រទេសកូរ៉េខាងត្បូងជាលើកដំបូងក្នុងរយៈពេលជាច្រើនទសវត្សរ៍មកនេះ។