បាល់ទាត់៖ ខ្សែប្រយុទ្ធ Real Madrid, Karim Benzema ត្រូវបានកោះហៅចូលក្រុមជំរើសជាតិបារាំងវិញ ដើម្បីចូលរួមការប្រកួតជើងឯកទ្វីបអឺរ៉ុប Euro ២០២០ បន្ទាប់ពីអវត្តមានពីក្រុមជំរើសជាតិបារាំង ៦ឆ្នាំ។ Karim Benzema មិនបានលេងអោយក្រុមជំរើសជាតិបារាំងតាំងពីឆ្នាំ២០១៥ បន្ទាប់ពីពាក់ព័ន្ធនឹងរឿងអាស្រូវ គំរាមទំលាយវីដេអូអាសអាភាសជំរិតទារយកប្រាក់ ពីអតីតមិត្តរួមក្រុមបារាំង Mathieu Valbuena។

ក្រោយមក Benzema បានអវត្តមានពីក្រុមបារាំងនៅ Euro ២០១៦ និង World Cup ២០១៨ ដោយសារបញ្ហានេះ។ នៅខែមករា ឆ្នាំ២០២១ ព្រះរាជអាជ្ញាបារាំងបានប្រកាសថា Benzema នឹងប្រឈមមុខនឹងការកាត់ក្តី ក្រោយត្រូវបានគេចោទប្រកាន់ពីបទបង់ប្រាក់ឱ្យបុគ្គល ដើម្បីជំរិតទារប្រាក់ពីខ្សែបម្រើ Mathieu Valbuena អាយុ ៣៦ឆ្នាំដោយគំរាមធ្វើឱ្យបែកធ្លាយខ្សែអាត់វីដេអូរួមភេទជាសាធារណៈនៅឆ្នាំ២០១៥ ប៉ុន្តែខ្សែប្រយុទ្ធរូបនេះអះអាងថា មន្ត្រីប៉ូលីសបានប្រើវិធីមិនស្មោះត្រង់ ដើម្បីទាក់ទាញគាត់ឱ្យស្ថិតក្នុងស្ថានភាព។ ទំរង់លេងដ៏អស្ចារ្យរបស់ Benzema នៅ Real Madrid រដូវកាលនេះគឺជាហេតុផលចម្បងដែលកីឡាករវ័យ ៣១ឆ្នាំរូបនេះត្រូវបានកោះហៅត្រលប់មកវិញ បន្ទាប់ពីរកបាន ២៩គ្រាប់រដូវកាលនេះអោយ Real Madrid។
រំលឹកថា Karim Benzema ធ្លាប់បានបង្ហាញខ្លួនឲ្យក្រុមជំរើសជាតិបារាំងសរុប ៨១លើករកបាន ២៧គ្រាប់ និងប្រកួតចុងក្រោយបំផុតឲ្យក្រុមបារាំងគឺយកឈ្នះអាមេនី ៤-០ ដែល Benzema រកបានពីរគ្រាប់ម្នាក់ឯង។ បារាំងស្ថិតក្នុងពូល F ដោយនឹងត្រូវជួបជាមួយក្រុមខ្លាំងព័រទុយហ្កាល់ អាល្លឺម៉ង់ និងហុងគ្រី៕
អត្ថបទ៖នាង សុភាវុធ