មន្ត្រីសង្គ្រោះគ្រោះមហន្តរាយ បាននិយាយថា ចំនួនអ្នកស្លាប់ ដោយសារបំណាក់ដីនៅរដ្ឋ Maharashtra ភាគខាងលិចប្រទេសឥណ្ឌាបានកើនឡើងដល់២២នាក់ កាលពីថ្ងៃសុក្រ ដោយសាកសពចំនួន៦នាក់ទៀត ត្រូវបានទាញយកចេញពីក្រោមស្រទាប់ដីល្បាប់ មុនពេលប្រតិបត្តិការជួយសង្គ្រោះត្រូវបានផ្អាក។

បំណាក់ដី បានកើតឡើង កាលពីយប់ថ្ងៃព្រហស្បតិ៍នៅក្នុងភូមិ Irshalwadi តំបន់ភ្នំដាច់ស្រយាលមួយមាន ចម្ងាយប្រហែល ៦០ គីឡូម៉ែត្រពីទីក្រុង Mumbai ដោយបានធ្វើឱ្យលំនៅឋានជាច្រើនខ្នងបាក់រលំ។
ភូមិតូចមួយនេះ ត្រូវបានប៉ាន់ប្រមាណថា ជាលំនៅឋានរបស់មនុស្សយ៉ាងហោចណាស់ ២២៥ នាក់ ដែលជាង៨០នាក់ បានរត់ភៀសខ្លួន ហើយមនុស្សជាង១០០ នាក់ទៀតត្រូវបានគេសង្ស័យថា នៅតែជាប់នៅក្រោមគំនរបាក់បែក។
