ភ្នំពេញ៖ ដោយអនុវត្តទៅតាមអនុសាសន៍ណែនាំដ៏ខ្ពង់ខ្ពស់របស់ប្រមុខរាជរដ្ឋាភិបាល នៃកម្ពុជា នៅព្រឹកថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០២៣នេះ រដ្ឋបាលរដ្ឋបាលរាជធានីភ្នំពេញ បានរៀបចំរថយន្តក្រុងសាធារណៈចំនួន ៣៥០គ្រឿង សម្រាប់បម្រើដល់ការដឹកជញ្ជូនកម្មករកម្មការិនីរោងចក្រ ក៏ដូចជាបងប្អូនប្រជាពលរដ្ឋទូទៅទាំងអស់ ធ្វើដំណើរទៅស្រុកកំណើតនៅតាមបណ្តាខេត្តនានាដោយឥតគិតថ្លៃ ដើម្បីទៅចូលរួមបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ដែលនឹងប្រព្រឹត្តិទៅនៅថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ស្អែកនេះ ។
ឯកឧត្តមឃួង ស្រេង អភិបាលរាជធានីភ្នំពេញ មានប្រសាសន៍ឱ្យដឹងថា ក្រៅពីរថយន្ត៣៥០គ្រឿង ដែលបានរៀបចំប្រើប្រាស់សម្រាប់ដឹកជញ្ជូនកម្មករ និងពលរដ្ឋខាងលើនោះ រដ្ឋបាលរាជធានីភ្នំពេញក៏បានត្រៀងរថយន្តសាគួរបន្ថែមចំនួន៥០គ្រឿងទៀតផងដែរ ដើម្បីជាតម្រូវការប្រើប្រាស់អោយបានគ្រប់គ្រាន់ ប្រសិនបើមានការខ្វះខាត ។
ឯកឧត្តម បន្តថា ក្នុងនោះអាជ្ញាធរ បានរៀបចំទីតាំងចំណតចំនួន១០កន្លែង សម្រាប់កម្មករ និងពលរដ្ឋទូទៅ ទៅទទួលការដឹកជញ្ជូនដោយឥតគិតថ្លៃ ដើម្បីធ្វើដំណើរទៅស្រុកកំណើតចូលរួមបោះឆ្នោត ។
កម្មករកម្មការិនី និងពលរដ្ឋដែលទៅទទួលសេវា នៃការជិះរថយន្តឥតគិតថ្លៃ បានបង្ហាញក្តីរំភើបរីករាយដែលបានជិះរថយន្តក្រុងស្អាតធំទូលាយ និងមានផាកសុខភាព ដើម្បីធ្វើដំណើរទៅស្រុកកំណើតចូលរួមបោះឆ្នោត ។ ក្នុងនោះពួកគាត់ ក៏ថ្លែងអំណរគុណចំពោះរាជរដ្ឋាភិបាល ដែលតែងតែគិតគូរដល់កម្មករកម្មការិនីតាមរោងចក្រទាំងអស់ ក៏ដូចជាពលរដ្ឋទូទៅ ដោយជួយសម្រួលការដឹកជញ្ជូនដោយឥតគិតថ្លៃ ដែលវាបានជួយកាត់បន្ថយការចំណាយប្រាក់កាសច្រើនក្នុងការធ្វើដំណើរទាំងទៅ និងមក ។
សូមបញ្ជាក់ថា ទីតាំងចំណតរថយន្តក្រុងទាំង១០កន្លែង រួមមាន ៖ ទីតាំងទល់មុខបញ្ជាការដ្ឋានកងរាជអាវុធហត្ថរាជធានីភ្នំពេញ, ទីតាំងក្នុងសួនឧស្សាហកម្មវឌ្ឍនៈ , ទីតាំងសួនឧស្សាហកម្មកាណាឌីយ៉ា , ទីតាំងផែស្ងួតសូងួន , ទីតាំងមុខអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ , ទីតាំងតាមបណ្ដោយផ្លូវជាតិលេខ៤មុខរោងចក្រហេនសឺវេន & អតីតរោងចក្រខាំបូហេនសាំ ( បុរីសែនមនោរម្យ ) , ទីតាំងផ្លូវ៦០ម៉ែត្រ ( អតីតស្តុបក្រុមហ៊ុនមែកសឺដេស ) , ទីតាំងតំបន់សេដ្ឋកិច្ចភ្នំពេញរ៉ូយ៉ាល់ , ទីតាំងរង្វង់មូលទេពមច្ឆា (ជ្រោយចង្វារ)
, និងទីតាំងចំណតរថយន្តក្រុងសួនច្បារឫស្សីកែវ ៕ អត្ថបទ » លីហេង










