ភ្នំពេញ៖ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត គ.ជ.ប នាព្រឹកថ្ងៃទី ២២ ខែកក្កដា ឆ្នាំ២០២៣ នេះបន្ត ដឹកនាំកិច្ចប្រជុំ និងធ្វើបទបង្ហាញស្តីពីនីតិវិធីនៃដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល តួនាទីអ្នកសង្កេតការណ៍បោះឆ្នោត អំឡុងពេលដំណើរការបោះឆ្នោត និងការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតជូនអ្នកសង្កេតការណ៍អន្តរជាតិនៅសណ្ឋាគារ សូហ្វីតែល ភ្នំពេញ។
កិច្ចប្រជុំនេះបានធ្វើឡើងក្រោមអធិបតីភាពឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប និងមានការចូលរួមពីក្រុមអ្នកសង្កេតការណ៍អន្តរជាតិប្រមាណ ៤០ នាក់ មកពីបណ្ដាប្រទេសនានា ដូចជាប្រទេសប្រ៊ុយណេ មីយ៉ាន់ម៉ា ម៉ាឡេស៊ី វៀតណាម សិង្ហបុរី ថៃ ឡាវ ឥណ្ឌូណេស៊ី ចិន ទីម័រខាងកើត និងហ្វីលីពីន ជាដើម។
ជាកិច្ចចាប់ផ្ដើមឯកឧត្ដម នុត សុខុម អនុប្រធាន គ.ជ.ប ថ្លែងទៅកាន់អ្នករាយការណ៍អន្តរជាតិស្ដីពីនីតិវិធីនៃដំណើរការបោះឆ្នោតនៅក្នុងប្រទេសកម្ពុជា។
ឯកឧត្ដម បានថ្លែងអំណរគុណដល់អ្នកសង្កេតការអន្តរជាតិទាំងអស់ដែលបានទទួលយកការអញ្ជើញមកចូលរួមធ្វើជាអ្នកសង្កេតការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ ដែលនឹងប្រព្រឹត្តិទៅនាថ្ងៃអាទិត្យ ទី២៣ ខែកក្កដា ស្អែកនេះ។
ឯកឧត្តម ឌឹម សុវណ្ណារុំ សមាជិក និងជាប្រធានក្រុមប្រតិកម្មព័ត៌មាន គ.ជ.ប បញ្ជាក់ថា ក្រុមអ្នកសង្កេតការណ៍អន្តរជាតិដែលបានមកចូលរួមសង្កេតការណ៍បោះឆ្នោតនៅកម្ពុជានេះ សុទ្ធតែជាអ្នកជំនាញខាងការបោះឆ្នោត ដូច្នេះអ្នកសង្កេតការណ៍ទាំងនេះនឹងចូលរួមពិនិត្យមើលលើដំណើរការនៃការបោះឆ្នោតក្នុងប្រទេសកម្ពុជាលើនីតិវិធីនៃដំណើរការបោះឆ្នោត ការរាប់សន្លឹកឆ្នោត និងការបូកសរុបលទ្ធផល និងការដោះស្រាយបណ្ដឹងពាក់ព័ន្ធនឹងការបោះឆ្នោតជាដើម។
សូមជម្រាបថា នៅក្នុងដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ នៅក្នុងប្រទេសកម្ពុជា ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ ក្រុមអ្នកសង្កេតការណ៍អន្តរជាតិជាង ៤០០ នាក់ មកជាង ៦០ ប្រទេស និងស្ថាប័នបានចូលរួមធ្វើជាអ្នកសង្កេតការណ៍ផ្ទាល់ដើម្បីបង្ហាញពីតម្លាភាព និងលទ្ធិប្រជាធិបតេយ្យនៃការបោះឆ្នោតនៅកម្ពុជា៕អត្ថបទ៖ វ៉ន ដារ៉ា


