ហ្គាហ្សា៖ ក្បួនរថយន្តដឹកជំនួយបានត្រៀមចូលទៅក្នុងតំបន់ហ្គាហ្សា កាត់តាមតំបន់ចុងខាងត្បូងរបស់ខ្លួនជាប់ជាមួយប្រទេសអ៊ីស្រាអែល មុនពេលចូលទៅតំបន់នេះដែលត្រូវបានបិទកាលពីថ្ងៃអង្គារ ក្រោយមានឧបទ្ទវហេតុសន្តិសុខ។

យោធាអ៊ីស្រាអែលបាននិយាយថា រថយន្តដែលផ្ទុកដោយឱសថសម្រាប់ផ្គត់ផ្គង និងជំនួយសម្រាប់អង្គការអន្តរជាតិនានាពុំបានឆ្លងចូលទេ បន្ទាប់ពីការបាញ់ផ្លោងគ្រាប់កាំភ្លើងត្បាល់ ពីក្រុមសកម្មប្រយុទ្ធប៉ាឡេស្ទីនក្នុងតំបន់ហ្គាហ្សា បង្ខំឲ្យបិទច្រកព្រំដែនឆ្លងកាត់។ រថយន្តចំនួន ៣គ្រឿងត្រូវបានផ្ទុកដោយប្រេងឥន្ធនៈ សម្រាប់ជំនួយដល់ក្រុមការងារអង្គការសហប្រជាជាតិ និងទីភ្នាក់ងារធ្វើការដើម្បីជនភៀសខ្លួនប៉ាឡេស្ទីននៅតំបន់ដើមបូព៌ា (Near East) និងរថយន្តដឹកសត្វពាហនៈចំនួន ២គ្រឿង។ រថយន្តដឹកសត្វពាហនៈមួយគ្រឿងត្រូវបានជាប់នៅព្រំដែនឆ្លងកាត់ ចាប់តាំងពីការវាយប្រយុទ្ធគ្នាបានផ្ទុះឡើងកាលពីសប្ដាហ៍មុន។
យោងតាមការបង្ហាញទិន្នន័យចុងក្រោយ ដែលបានបង្ហាញដោយអ្នកនាំពាក្យរបស់អង្គការសហប្រជាជាតិ កាលពីថ្ងៃអង្គារឲ្យដឹងថា មនុស្សជាង ៥៨,០០០នាក់ត្រូវបានជម្លៀសចេញ ដោយសារការទម្លាក់គ្រាប់បែកពីសំណាក់អ៊ីស្រាអែលលើតំបន់ហ្គាហ្សា។ កាលពីថ្ងៃសុក្រសប្ដាហ៍មុន អង្គការសហប្រជាជាតិបានអំពាវនាវ ឲ្យមានបទឈប់បាញ់ភ្លាមៗនៅក្នុងតំបន់ហ្គាហ្សា និងអ៊ីស្រាអែល។ អ្នកនាំពាក្យអង្គការសហប្រជាជាតិ លោក Stephane Dujarric បាននិយាយថា ជម្លោះយោធាកាន់តែរីកធំ បានបណ្ដាលឲ្យមានការឈឺចាប់ និងការបំផ្លិចបំផ្លាញយ៉ាងធ្ងន់ធ្ងរ៕
អត្ថបទ៖ សុខមាន