ភ្នំពេញ ៖ គណៈប្រតិភូអន្តរជាតិ មើលឃើញថា ការបោះឆ្នោតជាតិ ឆ្លុះបញ្ជាំងលទ្ធិប្រជាធិតេយ្យតាមរយៈការចូលរួមរបស់គណបក្សនយោបាយចំនួន១៨ និងចំនួនប្រជាពលរដ្ឋបានចូលរួមបោះឆ្នោត និងមានសិទ្ធិពេញលេញ បោះឆ្នោតជ្រើសរើសគណបក្សនយោបាយ។
លោក Putu Supadma Rudana អនុប្រធានកិច្ចសហប្រតិបត្តិការគណៈអន្តរសភា នៃប្រទេសឥណ្ឌូនេស៊ី លើកឡើង អំឡុងពេលចុះសង្កេតការណ៍ដំណើរការបោះឆ្នោត នៅការិយាល័យបោះឆ្នោត អនុវិទ្យាល័យចតុមុខ នៅព្រឹកថ្ងៃទី២៣ កក្កដា។
លោក Putu Supadma Rudana មានប្រសាសន៍ថា "ដំណើរការបោះឆ្នោតនៅកម្ពុជា បង្ហាញពីគោលការណ៍លិទ្ធិប្រជាធិបតេយ្យ និងជាគំរូនៃការអនុវត្តលិទ្ធិប្រជាធិតេយ្យ តាមរយៈការចូលរួម របស់គណបក្ស នយោបាយ ចំនួន១៨ និងប្រជាពលរដ្ឋអាចចូលរួមបោះឆ្នោតយ៉ាងច្រើនកុះករ។
គណៈប្រតិភូអន្តរជាតិ នឹងចូលរួមសង្កេតការណ៍ដំណើរការបោះឆ្នោត នៅតាមការិយាល័យបោះឆ្នោតមួយចំនួន នៅរាជធានីភ្នំពេញ ចាប់ផ្តើមពីម៉ោង៧ព្រឹក ដល់៣ រសៀល។
គណៈប្រតិភូអន្តរជាតិ ដែលមកពីប្រទេសជាច្រើន ក៏នឹងចូលរួម កិច្ចប្រជុំផ្សព្វផ្សាយ ជាមួយភាគីពាក់ព័ន្ធអំពីការសរុបព្រឹត្តិការណ៍នៅថ្ងៃបោះឆ្នោត។
ការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្ដនីតិកាលទី៧ ឆ្នាំ២០២៣ ដែលប្រព្រឹត្តិទៅនាថ្ងៃទី ២៣ ខែកក្កដា ឆ្នាំ ២០២៣នេះ មានក្រុមអ្នកសង្កេត ការណ៍ អន្តរជាតិជាង ៤០០ នាក់ មកជាង ៦០ ប្រទេស និងស្ថាប័នចូលរួម សង្កេតការណ៍ ដើម្បីបង្ហាញពីតម្លាភាព និងលទ្ធិប្រជាធិបតេយ្យនៃការបោះឆ្នោតនៅកម្ពុជា៕ ដោយ ៖ វ៉ាន់ណាក់



