អ្នកជំនាញអាកាសធាតុលំដាប់ខ្ពស់របស់អង្គការណាសា (NASA) លោក Gavin Schmidt បាននិយាយកាលពីពាក់សប្ដាហ៍ថា ខែកក្កដា ឆ្នាំ២០២៣ អាចទំនងជាខែក្តៅបំផុតរបស់ភពផែនដី នៅក្នុងរយៈពេល បើមិនរាប់ពាន់ឆ្នាំ ក៏រាប់រយឆ្នាំដែរ។

ខែនេះត្រូវបានគេមើលឃើញថា កម្ដៅប្រចាំថ្ងៃឡើងខ្ពស់លើស កាលពីពេលមុនរួចហើយ ដោយយោងទៅតាមឧបករណ៍វាស់កម្ដៅដែលដំណើរការដោយសហភាពអឺរ៉ុប និងសាកលវិទ្យាល័យ Maine នៅសហរដអាមេរិក ដែលរួមបញ្ចូលគ្នា រវាងទិន្នន័យលើដី និងផ្កាយរណបទៅក្នុងគំរូ ដើម្បីធ្វើការប៉ាន់ស្មានបឋម។

លោក Schmidt បាននិយាយនៅក្នុងបទសម្ភាសសង្ខេបរបស់ NASA ជាមួយអ្នកសារព័ត៌មានថា ទោះបីជាការប៉ាន់ស្មាន មានការខុសគ្នាបន្តិចបន្តួចក៏ដោយ ប៉ុន្តែនិន្នាការនៃការឡើងកម្ដៅខ្លាំង គឺមិនអាចមានកំហុសនោះទេ ហើយទំនងជានឹងត្រូវបានឆ្លុះបញ្ចាំងនៅក្នុងរបាយការណ៍ប្រចាំខែដ៏រឹងមាំបន្ថែមទៀត ដែលចេញដោយទីភ្នាក់ងារសហរដ្ឋអាមេរិក នាពេលក្រោយ។
លោកបន្ថែមថា ទោះបីជាព្រឹត្តិការណ៍ធម្មជាតិ El Nino កំពុងជះឥទ្ធិពលតិចតួចក៏ដោយ ក៏ប៉ុន្តែ «អ្វីដែលយើងកំពុងឃើញ គឺការឡើងក្ដៅជាទូទៅ ស្ទើរគ្រប់ទីកន្លែង ជាពិសេសនៅមហាសមុទ្រ។ យើងបានឃើញសីតុណ្ហភាពលើផ្ទៃសមុទ្រដែលឡើងក្ដៅខ្លាំង សូម្បីតែនៅខាងក្រៅតំបន់ត្រូពិច អស់រយៈពេលជាច្រើនខែមកហើយ។

អ្វីដែលកំពុងកើតឡើងនៅពេលនេះ កំពុងបង្កើនឱកាស ដែលនាំឲ្យឆ្នាំ២០២៣ នឹងក្លាយជាឆ្នាំក្តៅបំផុតរបស់ភពផែនដី ដែលបច្ចុប្បន្ន លោក Schmidt បានកំណត់«ឱកាស ៥០-៥០» ដោយផ្អែកលើការព្យាកររបស់លោក ទោះបីជាលោកបានបញ្ជាក់ថា អ្នកវិទ្យាសាស្ត្រផ្សេងទៀតបានកំណត់ឱកាសខ្ពស់ដល់ទៅ ៨០ភាគរយក៏ដោយ។
ការព្រមានរបស់លោក Schmidt បានកើតឡើងនៅពេលដែលពិភពលោក បានកើតមានហេតុការណ៍ភ្លើងឆេះសឹងគ្រប់ទីកន្លែង និងការព្រមានអំពីបញ្ហាសុខភាពធ្ងន់ធ្ងរ កាលពីសប្តាហ៍មុន ដោយបន្ថែមពីលើសីតុណ្ហភាពឡើងកាន់តែខ្ពស់លើសកាលពីពេលមុន៕