ក្រុមមន្ត្រីបាននិយាយថា មនុស្ស ៤នាក់ បានស្លាប់ និង១០នាក់បានរងរបួស កាលពីថ្ងៃសៅរ៍ (ទី២២ ខែកក្កដា) បន្ទាប់ពីបំពង់ទឹកក្តៅ បានផ្ទុះនៅផ្សារទំនើបមួយ នៅភាគខាងលិចទីក្រុងម៉ូស្គូ ប្រទេសរុស្ស៊ី។

អភិបាលក្រុង លោក Sergei Sobyanin បាននិយាយថា អ្នករងរបួសមួយចំនួន បានរងរបួសដោយសាររលាក ហើយសេវាសង្គ្រោះ បន្ទាន់កំពុងបំពេញការងាររបស់ខ្លួន នៅកន្លែងកើតហេតុនោះ។
ទីភ្នាក់ងារព័ត៌មានរុស្ស៊ីបានដកស្រង់សម្តីអ្នកស៊ើបអង្កេតដែលនិយាយថា មិនមានការលេចធ្លាយសារធាតុអាម៉ូញាក់នៅកន្លែងដូចដែលធ្លាប់មានការសង្ស័យមួយរយៈមកនោះឡើយ។

រូបភាពវីដេអូ បានបង្ហាញពីទឹកសាយពេញអគារល្ហាចល្ហឹម ហើយទឹកក្ដៅហូរចេញតាមទ្វារចូល។ ផ្សារទំនើបនេះត្រូវបានគេស្គាល់ថា ឈ្មោះ Vremena Goda (The Seasons) បានបើកដំណើរការនៅឆ្នាំ២០០៧ ដោយមានហាងលក់ទំនិញជាង ១៥០កន្លែង នៅក្នុងនោះ៕
