រុស្ស៊ី ៖ វិមានក្រឹមឡាំង បាននិយាយថា ប្រធានាធិបតីរុស្ស៊ីលោក វ្ល៉ាឌីមៀរ ពូទីន និងមេដឹកនាំបេឡារុស លោក អាឡិចសាន់ឌឺរ លូកាសិនកូ (Alexander Lukashenko) នឹងជួបប្រជុំគ្នានៅថ្ងៃអាទិត្យ (ទី ២៣ កក្កដា)នេះ រយៈពេលពីរថ្ងៃបន្ទាប់ពីទីក្រុងមូស្គូ បានព្រមានថា ការឈ្លានពានណាមួយប្រឆាំងនឹងប្រទេសជិតខាង និងសម្ព័ន្ធមិត្តដ៏រឹងមាំបំផុត នឹងត្រូវបានចាត់ទុកថា ជាការវាយប្រហារលើប្រទេសរុស្ស៊ី។
បន្ទាប់ពីប៉ូឡូញ បានសម្រេចចិត្តកាលពីដើមសប្តាហ៍នេះ ដើម្បីផ្លាស់ទីអង្គភាពយោធាទៅជិតព្រំដែនរបស់ខ្លួនជាមួយបេឡារុស ជាការឆ្លើយតបទៅនឹងការមកដល់ប្រទេសបេឡារុសនៃកងកម្លាំងពីក្រុម Wagner របស់រុស្ស៊ីលោកពូទីន បាននិយាយថា ទីក្រុងមូស្គូ នឹងប្រើគ្រប់មធ្យោ បាយដែលខ្លួនមានប្រតិកម្មចំពោះអរិភាពណាមួយចំពោះទីក្រុងមីនស្ក៍(Minsk)។
វិមានក្រឹមឡាំង បាននិយាយថា លោក លូកាសិនកូ កំពុងបំពេញទស្សនកិច្ចការងារនៅប្រទេសរុស្ស៊ី ហើយនឹងពិភាក្សាជាមួយលោក ពូទីន អំពីការអភិវឌ្ឍបន្ថែមទៀតនៃ«ភាពជាដៃគូយុទ្ធសាស្ត្រ» របស់ប្រទេសទាំងពីរ។
ខណៈពេលដែលមិនបានបញ្ជូនកងទ័ពរបស់ខ្លួនទៅអ៊ុយក្រែន លោកលូកាសិនកូ បានអនុញ្ញាតឱ្យទីក្រុងមូស្គូប្រើប្រាស់ទឹកដីបេឡារុស ដើម្បីបើកការឈ្លានពានពេញលេញរបស់ខ្លួនលើអ៊ុយក្រែនក្នុងខែកុម្ភៈ ឆ្នាំ ២០២២ ហើយចាប់តាំងពីពេលនោះមក បានជួបជាមួយលោកពូទីនជាញឹកញាប់។
ចាប់តាំងពីពេលនោះមក ប្រទេសទាំងពីរ បានធ្វើសមយុទ្ធហ្វឹកហ្វឺនយោធារួមគ្នាជាច្រើនដង ហើយនៅក្នុងខែមិថុនា លោក លូកាសិនកូ បានអនុញ្ញាតឲ្យប្រទេសរបស់គាត់ប្រើជាមូលដ្ឋានសម្រាប់អាវុធនុយក្លេអ៊ែររបស់រុស្ស៊ី ដែលជាទង្វើមួយដែលត្រូវបានថ្កោលទោសយ៉ាងទូលំទូលាយដោយប្រទេសលោកខាងលិច។
