ភ្នំពេញ៖ សម្តេចតេជោ ហ៊ុន សែន បានប្រកាសមុននេះបន្តិចថា យោងតាមលទ្ធផលបឋម ដោយគណេៈកម្មាធិការ ជាតិរៀបចំការបោះឆ្នោតមានចូលរួមបោះឆ្នោតឆ្នាំ២០២៣នេះមាន ៨៤,២១% ដែលជា ចំនួនមួយដ៏ច្រើនជាង ការបោះឆ្នោតកន្លងមក។
យោងតាមប្រសាសន៍សម្តេចតាមតេឡេក្រាម នៅល្ងាចថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣នេះ សម្តេចបានប្រកាសថា ប្រជាពលរដ្ឋអ្នកបោះឆ្នោត មិនចាញ់តាមការអូសទាញ របស់ក្រុមប្រឆាំង នោះទេ ដោយពួកគាត់បានចេញទៅបោះឆ្នោតដោយភាពសប្បាយរីករាយ។
សម្តេចតេជោ ហ៊ុន សែន បានបញ្ជាក់ថា ប្រជាពលរដ្ឋពិតជាចង់បានសេចក្តីសុខ ជាមួយនឹងដំបូលសុខសន្តិភាពដែលបាននឹងកំពុងមាន ហើយចង់ចាកចេញឆ្ងាញ ពីក្រុមជ្រុលនិយម ដែលពួកគេតែងតែបានបំផ្លាញ។
សម្តេចបញ្ជាក់ថា «ពេលនេះបើប្រៀបធៀប ចំនួនប្រជាជនបានចេញទៅបោះឆ្នោត គឺមានចំនួនច្រើនលើសលប់ ដែលមានចំនួនច្រើន ជាងមានវត្តមានគណបក្សភ្លើងទៀនចូលរួមទៅទៀត...[]ឥលូវយើងកំពុងរង់ចាំមើល តើមានសន្លឹកឆ្នោត ត្រូវបានគេគូសខ្វែងប៉ុន្មានសន្លឹក ព្រោះក្រុម មេដឹកនាំជ្រុលនិយមបាននិយាយថា សន្លឹកឆ្នោត ណាដែលគូសខ្វែង គឺសន្លឹកឆ្នោតគាំទ្រពួកគេ»។
សម្តេចតេជោ ហ៊ុន សែន មានប្រសាសន៍ថា «នៅក្នុងឆាណែលតេឡេក្រាម ឈ្មោះសប្បាយ តេឡេក្រាម យើងបានឃើញគេបោះគំរូសន្លឹកឆ្នោត ទៅក្រុមពួកគេនៅទីក្រុងប៉ារីសតែម្តង»។
សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេច បានស្គាល់មុខអ្នកនៅក្នុងតេឡេក្រាមនោះអស់ហើយ ហើយសូមកុំមានភ័យខ្លាច ដោយអ្នកទាំងនោះ អាចចេញមកសារភាពជាមួយនឹងអាជ្ញាធរ ព្រោះចលនាបំផ្លាញសន្លឹកឆ្នោត គឺជាបទល្មើស ដែលត្រូវផ្តន្ទាទោស។
សម្តេចបានអំពាវនាវដល់អ្នកទាំងនោះ សូមប្រញាប់ប្រញាល់ ចេញមកសារភាព ជាមួយអាជ្ញាធរ បើមិនដូច្នោះទេនឹងមានវិធានការតាមផ្លូវច្បាប់។
សម្តេចតេជោ ហ៊ុន សែន បានប្រកាសអំពាវនាវដល់ ក្រុមជ្រុលនិយមទាំងឡាយ សូមមើលឱ្យបានច្បាស់ វិភាគឱ្យច្បាស់ នូវភាពចាស់ទុំខាងនយោបាយ របស់ប្រជាជនកម្ពុជា។
សម្តេចបញ្ជាក់ថា ភាពខ្លាំងរបស់ប្រជាជនកម្ពុជា គឺមិនទុកឱ្យពួកបោកប្រាស់ ក្រុមបំផ្លាញ ដើម្បីបំផ្លាញ ប្រទេសជាតិនោះទេ៕
