ភ្នំពេញ ៖ ការអនុវត្តការលក់វេចខ្ចប់ ដោយមិនអនុញ្ញាតអតិថិជនអង្គុយក្នុងហាង កំពុងធ្វើឱ្យអាជីវកម្មអាហារ និងភេសជ្ជៈកាហ្វេ ប្រឈមនឹងការលក់ធ្លាក់ចុះ។ ជាមួយនឹងការកាត់បន្ថយបុគ្គលិកខ្លះផង ចំណូលនេះ គឺបានត្រឹមតែទប់ការចំណាយប្រតិបត្តិការប៉ុណ្ណោះ។ ទោះយ៉ាងណា ម្ចាស់អាជីវកម្មទាំងនោះ រំពឹងថា នឹងអាចដំណើរការអាជីវកម្មធម្មតាឡើងវិញ ក្នុងពេលឆាប់ៗខាងមុខ។
ក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ព័ត៌មាន ប៊ីធីវី កាលពីល្ងាចថ្ងៃទី១៨ ឧសភា ឆ្នាំ២០២១កន្លងទៅ លោក ជ័យ ពិសិដ្ឋ ម្ចាស់ហាងកាហ្វេ មេឌាកាហ្វេ បាននិយាយថា ប្រសិនបើករណីជំងឺឆ្លងកូវីដ១៩នៅតែបន្តអូសបន្លាយ និងចំនួនអ្នកឆ្លងថ្មីច្រើនទៀតនោះ នឹងធ្វើចំនួននៃការលក់ធ្លាក់ចុះជាបន្តបន្ទាប់ ដោយសារខាតបង់ប្រាក់ចំណូល និងគ្មានប្រាក់គ្រប់គ្រាន់សម្រាប់ទប់ថ្លៃចំណាយនានា ដូចជាថ្លៃទឹក ភ្លើង និងថ្លៃបុគ្គលិកជាដើម ខណៈដែលក្នុងមួយថ្ងៃអាចរកប្រាក់ចំណូលប្រមាណពី ២០ ទៅ២៥%ប៉ុណ្ណោះ។
លោក ពិសិដ្ឋ បន្ថែមថា អ្វីដែលលោកចង់បាន និងចង់ឃើញនាពេលដ៏ខ្លីខាងមុខ គឺការវិលត្រឡប់មករកភាពប្រក្រតីឡើងវិញ និងអំពាវនាវទៅដល់ប្រជាពលរដ្ឋទាំងអស់ សូមចូលរួមទប់ស្កាត់ និងអនុវត្តន៍តាមការណែនាំរបស់រាជរដ្ឋាភិបាល៣ការពារ និង៣កុំ ពោលធ្វើយ៉ាងណាកុំឲ្យវីរុសកូវីដ១៩បន្តរាលដាលថែមទៀតនៅកម្ពុជា។
ម្ចាស់ភោជនីយដ្ឋានមួយកន្លែង ស្ថិតនៅក្បែរផ្សារអូឡាំពិក យីហោ១៩៩៩ កញ្ញា រចនា បានប្រាប់ឲ្យដឹងដែរថា ការលក់ដូរធ្លាប់តែមានសភាពអ៊ូអរតាំងពីពេលល្ងាច រហូតដល់ពេលរាត្រី ដោយសារហាងលោកបណ្តុំទៅដោយម្ហូបអាហារជាច្រើនប្រភេទ។ ប៉ុន្តែក្នុងរយៈពេលប្រមាណ៣ខែមកនេះ ប្រែជាស្ងប់ស្ងាត់ ហើយការលក់សម្រាប់តែការវេចខ្ចប់ ក៏មិនសូវមានច្រើនទេ ដោយសារហាងតម្រូវបិទទ្វារមុនម៉ោង៨យប់។
ចំណែកលោកស្រី ធីតា ម្ចាស់ហាងសាច់អាំង ហេង មែន បានប្តូរពីអាជីវកម្មលក់សាំងអស់សម្រាប់អតិថិជនចូលអង្គុយក្នុងហាង ទៅលក់សាច់ទារអាំងសម្រាប់តែវេចខ្ចប់។ លោកស្រី បន្តថា ការប្តូរអាជីវកម្មទៅលក់សាច់ទារអាំងខ្ទប់នេះ គឺមិនទទួលបានចំណូលច្រើននោះទេ ដោយចំណូលគឺសម្រាប់ចំណាយតែលើបុគ្គលិក៕
អត្ថបទ ៖ ឈិត បូរ៉ាវី