ភ្នំពេញ ៖សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជានៅល្ងាចថ្ងៃទី២៣កក្កដានេះ បាន អនុញ្ញាតឱ្យឯកឧត្តម នូណូ ហ្គោមណាប៊ីយ៉ាំ (Nuno Gomes Nabiam )នាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ចូលជួបសម្ដែងការគួរសម នៅវិមានសន្តិភាព ក្នុងឱកាសដែលឯកឧត្តមមានវត្តមានបានអញ្ជើញមកទស្សកិច្ចនិងសង្កេតការណ៍បោះឆ្នោតនៅកម្ពុជា។
ឯកឧត្តម ស្រុី ថាមរ៉ុង្គ រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី បាន ឱ្យដឹងថា សម្ដេចតេជោ ហ៊ុន សែន បានអរគុណចំពោះឯកឧត្តមនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ដែលបានទទួលយកនូវការ អញ្ជើញរបស់សម្ដេច មកបំពេញទស្សនកិច្ចការងារនិង សង្កេតការណ៍បោះឆ្នោត នៅកម្ពុជា។ សម្ដេចតេជោនាយករដ្ឋមន្ត្រីក៏បានសន្យាថានឹងរៀបចំ ឱ្យមានគណៈប្រតិភូកសិកម្មមួយដើម្បីទៅសិក្សាស្វែងយល់នៅហ្គីណេប៊ីហ្សូវ ថាតើកម្ពុជា អាចជួយអ្វីបាន ចំពោះហ្គីណេប៊ីហ្សូវ ហើយ បើតាមគំនិតរបស់សម្ដេចគឺចង់រៀបចំប្រព័ន្ធមួយដែលមានប្រឡាយទឹក មានថ្នាលបណ្ដុះពូជ ស្រូវដែលផ្ដល់ទិន្នផលខ្ពស់ សម្រាប់ដំណាំស្រូវនិងដំណាំកសិកម្មដទៃទៀត។
សម្ដេចថា ក្នុងឱកាសទស្សនកិច្ចរបស់ប្រធានាធិបតីហ្គីណេប៊ីហ្សូវនៅកម្ពុជានាពេលខាងមុខ សម្ដេចតេជោនាយករដ្ឋមន្ត្រីចង់ឲ្យមានកិច្ចព្រមព្រៀងលើឯកសារមួយចំនួន ជាពិសេសកិច្ចសហប្រតិបត្តិការក្នុងវិស័យកសិកម្មនិងវិស័យផ្សេងទៀត ជាពិសេសកិច្ចព្រមព្រៀងការពារវិនិយោគ កិច្ចព្រមព្រៀងលើក លែងទិដ្ឋាការ កិច្ចព្រមព្រៀង អនុគ្រោះផ្សេងទៀតដែលអាចធ្វើទៅបាន ជាពិសេស ការពិគ្រោះយោបល់លើផ្នែកនយោបាយរវាងប្រទេសទាំងពីរ ដើម្បីស្វែងយល់និងស្វែងរកវិស័យដែលមានសក្តានុពលដែលប្រទេសទាំងពីរអាច ប្រើប្រាស់ ដើម្បីជំរុញទំនាក់ទំនងនៃប្រទេសទាំងពីរ។
សូមជម្រាបថា ក្នុងឱកាសសន្ទនារវាងសម្ដេចតេជោ និងឯកឧត្តម នាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ក្នុងការរៀបចំពិសាបាយក្នុងបរិយាកាសរីករាយផងដែរនោះ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រី ក៏បានបង្ហើបឲ្យដឹងថានឹងមានការរៀបចំនាយករដ្ឋមន្ត្រីបន្តវេននៅក្រោយការបោះឆ្នោតនេះហើយឯកឧត្តមនាយករដ្ឋមន្ត្រីហ្គីណេប៊ីហ្សូវ ក៏បានសន្យាថានឹងធ្វើការជាមួយរដ្ឋាភិបាលថ្មី ដែលដឹកនាំដោយឯកឧត្តម បណ្ឌិត ហ៊ុន ម៉ាណែត ៕ ដោយ ៖ មុត សុទ្ធ



