អាមេរិក៖ ប្រមុខការទូតអាមេរិក លោក Antony Blinken បាននិយាយថា ខណៈអ៊ុយក្រែន បានដណ្ដើមយកដែនដីមកវិញប្រមាណពាក់កណ្ដាល ដែលរុស្ស៊ីបានកាន់កាប់ដំបូងក្នុងការវាយលុករបស់ខ្លួន ទីក្រុងគវ (Kyiv) បានប្រឈមការវាយប្រយុទ្ធគ្នាដ៏លំបាកដើម្បីដណ្ដើមយកទឹកដីត្រឡប់មកវិញបន្ថែមទៀត។

លោកបានថ្លែងក្នុងកិច្ចសម្ភាសន៍មួយជាមួយទូរទស្សន៍ CNN កាលពីថ្ងៃអាទិត្យថា អ៊ុយក្រែន បានដណ្ដើមដែនដីរបស់ខ្លួនត្រឡប់មកវិញប្រហែល៥០%នៃទឹកដីដែលរុស្ស៊ីបានដណ្ដើមយកទៅកាលពីដំបូង។
លោកថា នៅតែមានការវាយបកក្នុងពេលប៉ុន្មានថ្ងៃនេះ ដោយបន្ថែមថា ការវាយបកនេះនឹងពុំមែនមានតែ នៅសប្ដាហ៍ក្រោយ ឬ២សប្ដាហ៍ទៀតនោះទេ ។យើងនៅតែកំពុងតាមដាន ហើយលោកគិតថានឹងបន្តច្រើនខែទៀត។
ក្តីសង្ឃឹមថាអ៊ុយក្រែនអាចបោសសម្អាតកងកម្លាំងរបស់ទីក្រុងមូស្គូយ៉ាងឆាប់រហ័សពីទឹកដីរបស់ខ្លួនបន្ទាប់ពីការចាប់ផ្តើមការវាយលុកនៅរដូវក្តៅកំពុងរសាត់ទៅកាន់តែខ្លាំង ខណៈកងទ័ពទីក្រុង Kyiv ខំព្យាយាមទម្លុះទីតាំងរបស់រុស្សីដែលបានពង្រឹងយ៉ាងខ្លាំងនៅភាគខាងត្បូង និងខាងកើតរបស់ប្រទេសនេះ។
កាលពីចុងខែមុន លោកប្រធានាធិបតី Volodymyr Zelenskiy ត្រូវបានដកស្រង់សម្តីដោយនិយាយថា វឌ្ឍនភាពប្រឆាំងនឹងកងកម្លាំងរុស្ស៊ីគឺ យឺតជាងការចង់បាន ប៉ុន្តែទីក្រុង Kyiv នឹងមិនត្រូវបានដាក់សម្ពាធឲ្យបង្កើនល្បឿនវាយបកនោះទេ៕
