អាមេរិក៖ លោក Elon Musk បាននិយាយថាលោកគ្រោងនឹងផ្លាស់ប្ដូរឡូហ្គូ របស់ក្រុមហ៊ុនបណ្ដាញសង្គម Twitter ទៅជាអក្ស “X” ពីនិមិត្តសញ្ញាបក្សីពណ៌ខៀវដ៏ល្បីល្បាញរបស់ខ្លួន ដែលក្លាយជាការផ្លាស់ប្ដូរដ៏ធំចុងក្រោយបំផុត ចាប់តាំងពីលោកបានទិញយកក្រុមហ៊ុនបណ្ដាញសង្គមមួយនេះ ក្នុងតម្លៃ៤៤ពាន់លានដុល្លារអាមេរិក កាលពីឆ្នាំមុន។

កាលពីថ្ងៃអាទិត្យ មហាសេដ្ឋីអាមេរិក ដែលជាម្ចាស់របស់ក្រុមហ៊ុន Twitter បាននិយាយក្នុងការបង្ហោះសារជាបន្តបន្ទាប់នៅលើគណនីរបស់លោកថា លោកកំពុងសម្លឹងមើលការផ្លាស់ប្ដូរទូទាំងពិភពលោកឆាប់បំផុតត្រឹមថ្ងៃនេះ។
លោកបានសរសេរថា មិនយូរទៀតទេ យើងនឹងនិយាយលាទៅកាន់ស្លាកយីហោ twitter គ្រប់បក្សីទាំងអស់។
លោក Musk បានបង្ហោះរូបភាពរបស់អក្សរ“X”ដ៏ភ្លឺចែងចាំងមួយ ហើយក្រោយមកនៅក្នុងសារជាសំឡេងនៅលើគណនី Twitter ដែលបានឆ្លើយតបពាក្យថា “Yes” នៅពេលត្រូវបានសួរថាតើឡូហ្គូ Twitter នឹងត្រូវផ្លាស់ប្ដូរមែនទេ ដោយបន្ថែមថា គួរតែ ត្រូវបានធ្វើកាលពីមួយខែមុនមកម្ល៉េះ។
ស្ថិតក្រោមការកាន់កាប់ដ៏ច្របូកច្របល់របស់លោក Musk ចាប់តាំងពីរូបលោកបានទិញក្រុមហ៊ុន Twitter កាលពីខែតុលា ឆ្នាំ ២០២២ ក្រុមហ៊ុនបានប្តូរឈ្មោះអាជីវកម្មរបស់ខ្លួនទៅជា X Corp ដោយឆ្លុះបញ្ចាំងពីចក្ខុវិស័យរបស់លោកក្នុងការបង្កើត "កម្មវិធីទំនើប" ដូចជា WeChat របស់ប្រទេសចិន។
កាលពីខែតុលាឆ្នាំមុន លោកបាននិយាយថា ការទិញយក Twitter គឺជាការបង្កើនល្បឿនដល់ការបង្កើត X ដែលជាកម្មវិធីគ្រប់យ៉ាង៕
