បាល់ទាត់៖ ក្រុមតោខៀវ Chelsea បានពង្រឹងតំណែងបង្ហាញខ្លួននៅក្របខណ្ឌ UEFA Champions League រដូវកាលក្រោយ បន្ទាប់ពីជ័យជំនះដ៏មានសារសំខាន់លើក្រុមប្រជែង Leicester City សប្តាហ៍ទី៣៧ ក្របខណ្ឌ English Premier League យប់មិញ។

បីថ្ងៃប៉ុណ្ណោះបន្ទាប់ពីការប្រកួតដែល Leicester City យកឈ្នះ Chelsea ១-០ លើកពាន FA Cup នោះ Chelsea ក៏បានសងសឹកមកវិញក្រោមក្រសែភ្នែកទស្សនិកជន ៨០០០នាក់នៅ Stamford Bridge។ គ្រាប់បាល់បញ្ចូលទីរបស់ Antonio Rudiger និងបាល់ ១១ម៉ែត្ររបស់ Jorginho ធ្វើអោយក្រុមរបស់លោក Thomas Tuchel ទទួលបាន ៣ពិន្ទុដ៏មានសារសំខាន់ បើទោះជា Leicester City តបបាន ១គ្រាប់ដោយ Kelechi Iheanacho។ ជ័យជំនះនេះធ្វើអោយ Chelsea ឡើងឈរពីលើ Leicester City វិញឈរលេខ៣ មាន ៦៧ពិន្ទុពីលើ Leicester ១ពិន្ទុ។
Liverpool ដែលកំពុងឈរលេខ ៥ ប្រសិនឈ្នះនៅទឹកដី Burnley យប់នេះនឹងធ្វើអោយក្រុមរបស់លោក Jurgen Klopp ឡើងមកលេខ៤ វិញឯ Leicester City ត្រូវធ្លាក់ទៅលេខ ៥ វិញ។ លទ្ធផលផ្សេងទៀតយប់មិញ Manchester United ស្មើ Fulham ១-១ ក្នុងទឹកដីខ្លួនឯងដោយគ្រាប់បាល់របស់ Edinson Cavani និង Fulham ដោយ Joe Bryan។ មួយពិន្ទុនេះក៏បានធានាអោយក្រុមរបស់លោក Ole Gunnar Solskjaer បញ្ចប់រដូវកាលក្នុងចំណាត់ថ្នាក់លេខ ២ ស្របពេលក្រុមជើងឯក Manchester City យប់មិញចាញ់នៅទឹកដី Brighton ៣-២ និង Leeds យកឈ្នះនៅទឹកដី Southampton ២-០៕
អត្ថបទ៖នាង សុភាវុធ