ចិន៖សារព័ត៌មានរដ្ឋបានរាយការណ៍ថាមនុស្ស៥នាក់ បានស្លាប់ និង២នាក់កំពុងបាត់ខ្លួន បន្ទាប់ពីភ្លៀងធ្លាក់ខ្លាំង ទឹកហៀរប្រៀបច្រាំងទន្លេមួយក្នុងភូមិមួយជិតទីក្រុងហាងចូ(Hangzhou)របស់ប្រទេសចិន កាលពីថ្ងៃសៅរ៍ ដោយទឹកជំនន់បានជន់លិចលំនៅឋាននិង ហូរគួចនាំមនុស្ស និងរបស់របរររបស់ពួកគេ។

វីដេអូ ពីទូរទស្សន៍ រដ្ឋ CCTV បានបង្ហាញ ពី ទឹកលាយឡំជាមួយល្បាប់ បានគ្របដណ្ដប់ពាសពេញផ្លូវជាច្រើននៅក្នុងភូមិមួយក្នុងទីប្រជុំជនតាយ័ន (Dayuan) ដោយហូរចាក់លើលំនៅឋាន និងរថយន្ត ។
ជាធម្មតា ប្រទេសចិន តែងមើលឃើញ ភ្លៀងធ្លាក់ខ្លាំង នៅចុងខែកក្កដា ប៉ុន្តែ ព្យុះភ្លៀងបានបង្កគ្រោះថ្នាក់កាន់តែខ្លាំង និងមិនអាចស្មានដល់ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ។
ភ្លៀងធ្លាក់យ៉ាងធ្ងន់ធ្ងរ ក៏បានពន្លិចផ្នែកជាច្រើនក្នុងតំបន់ភាគឦសានរបស់ប្រទេសចិន ផងដែរកាលពីចុងសប្ដាហ៍នេះ ដោយបានបំផ្លិចបំផ្លាញលំនៅឋានជាច្រើនខ្នង និងខូចខាតដំណាំក្នុងតំបន់នេះដែលគេស្គាល់ថាជា តំបន់ផលិតគ្រាប់ធញ្ញជាតិរបស់ប្រទេសនេះ ។

ទូរទស្សន៍រដ្ឋ CCTV បានរាយការណ៍ថា មនុស្សជិត៥.៦០០នាក់ ត្រូវបានក្រុមអាជ្ញាធរជម្លៀសនៅក្នុងខេត្តលាវនីង(Liaoning) បន្ទាប់ពីទីក្រុងមួយចំនួនបានទទួលទឹកភ្លៀងជាង១០០មីលីម៉ែត្រ។
ស្រុកមួយនៃរដ្ឋធានីរបស់ខេត្តតាលៀន (Dalian) បានទទួលទឹកភ្លៀង៩៣ មីលីម៉ែត្រក្នុងមួយម៉ោង។
គេបានមើលឃើញក្រុមអ្នកសង្រ្គោះ កំពុងដើរក្នុងទឹកជម្រៅ ត្រឹមជង្គង់ ដោយមានប្រើទូកជ័រ ។
ដំណាំប្រមាណ៥៤ហិចតា ត្រូវបានបំផ្លាញ នៅក្នុងតំបន់ជុំវិញទីក្រុងជីនចូវ (Jinzhou) និងទីក្រុងឆ្នេរ ហ៊ូលូតាវ( Huludao)៕