ភ្នំពេញ៖ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជាថា នៅក្នុងបរិបទភាវូបនីយកម្មឌីជីថលនេះ សហគ្រិនស្រ្តីដែលប្រើប្រាស់នូវបច្ចេកវិទ្យាឌីជីថល បានកំពុងលេចធ្លោក្នុងអាជីវកម្ម ទាំងដំណើរការផលិត ការវេចខ្ចប់ និងការចែកចាយទំនិញរបស់ខ្លួនលើទីផ្សារ ។
លោកជំទាវ កែវ មុំ ប្រធានសមាគមសហគ្រិនស្រ្តីកម្ពុជា លើកឡើងថា នៅក្នុងបរិបទភាវូបនីយកម្មឌីជីថលនេះ យើងសង្កេតឃើញអាជីវកម្មរបស់សហគ្រិនជាស្រ្តី មានការផ្លាស់ប្តូរយ៉ាងច្រើន នៃការចាប់យកបច្ចេកវិទ្យាឌីជីថល មកប្រើប្រាស់ក្នុងអាជីវកម្ម និងពាណិជ្ជកម្ម ក្នុងចំពោះសហគ្រិនដែលចាប់យកនូវបច្ចេកវិទ្យា បានកំពុងដំណើរការខ្សែច្រវ៉ាក់ផលិតកម្មយ៉ាងល្អ ទាំងដំណើរការផលិត ការវេចខ្ចប់ និងការចែកចាយទំនិញរបស់ខ្លួនលើទីផ្សារក្នុងស្រុក និងរំពឹងថា តាមរយៈការប្រើប្រាស់បច្ចេកវិទ្យានេះ និងធ្វើឲ្យម្ចាស់អាជីវកម្មមានការទំនាក់ទំនងកាន់តែល្អថែមទៀត ដើម្បីពង្រីក និងការស្វែងសម្រាប់នាំចេញទំនិញទៅក្រៅស្រុកជាដើម។
ជុំវិញការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនេះផងដែរ លោកជំទាវ កែវ មុំ លើកឡើងឲ្យដឹងថា សមាគមសហគ្រិនស្រ្តីកម្ពុជា តែងតែស្រាវជ្រាវ និងស្វែងរកនូវបញ្ហាផ្សេងៗ ដើម្បីជួយដោះស្រាយដល់សហគ្រិនជាស្រ្តី ក្នុងនោះប្រសិនមានបញ្ហាដោះស្រាយមិនរួច សមាគមនិងលើកទៅក្រសួង-ស្ថាប័នពាក់ព័ន្ធ ឬទៅរាជរដ្ឋាភិបាល ដើម្បីជួយសម្រួល ដោះស្រាយនូវរាល់បញ្ហាដែលវិស័យឯកជនជួបប្រទះ។
បើតាមក្របខណ្ឌគោលនយោបាយសេដ្ឋកិច្ច និងសង្គមឌីជីថលកម្ពុជា បានកំណត់យកនូវចក្ខុវិស័យ គឺការកសាងសេដ្ឋកិច្ច និងសង្គមឌីជីថលរស់រវើក ដើម្បីជំរុញសន្ទុះកំណើនសេដ្ឋកិច្ចថ្មី និងលើកកម្ពស់សុខុមាលភាពសង្គម ផ្អែកលើប្រក្រតីភាពតាមគន្លងថ្មី៕ អត្ថបទ៖ សុន រ៉ាឌី