ភ្នំពេញ៖ ខណៈការបោះឆ្នោតជ្រើសរើសតំណាងរាស្រ្តនីតិកាលទី៧ ត្រូវបានបញ្ចប់ដោយជោគជ័យ ជាមួយលទ្ធផលបឋមថា គណបក្សប្រជាជនកម្ពុជាទទួលសំឡេងគាំទ្រច្រើនជាងគេនោះ ក្រុមអាជីវករនៅរាជធានីភ្នំពេញ បានបង្ហាញការពេញចិត្ត និងសង្ឃឹមថា ការប្រកបអាជីវកម្មនឹងល្អប្រសើរឡើងថែមទៀត ជាពិសេសទាក់ទាញភ្ញៀវទេសចរឲ្យកាន់តែច្រើនមកកាន់កម្ពុជា។
អ្នកស្រី ម៉េង ផល្លី អាជីវករលក់វត្ថុអនុស្សាវរីយ៍ និងគ្រឿងចម្លាក់នៅផ្សារទួលទំពូង បាននិយាយប្រាប់ទូរទស្សន៍ព័ត៌មាន ប៊ីធីវី នៅព្រឹកថ្ងៃទី២៤ ខែកក្កដានេះថា គិតមកដល់ពេលនេះ ការប្រកបអាជីវកម្មមានរយៈពេលប្រមាណ ១៧ឆ្នាំ ដោយលក់ដាច់ភាគច្រើនគឺភ្ញៀវមកពីក្រៅស្រុក។ និយាយដល់ការបោះឆ្នោត អ្នកស្រី បានឲ្យដឹងថា អ្នកស្រីទន្ទឹងរងចាំអស់រយៈពេល ៥ឆ្នាំ ដើម្បីទៅចូលរួមបោះឆ្នោតនេះ ហើយបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលបានដឹកនាំប្រទេសឲ្យមានការរីកចម្រើនជាបន្តបន្ទាប់ និងធ្វើឲ្យការរស់នៅប្រកបដោយសុខសន្តិភាព។
ដោយឡែក លោក ហ៊ួយ សីហា អាជីវករលក់រូបគំនូរ និងអ្នកស្រី សុខ ធីតា អាជីវករលក់សំលៀកបំពាក់ កាបូប និងវត្ថុអនុស្សាវរីយ៍ជាច្រើនផ្សេងទៀតក្នុងផ្សារទួលទំពូងនេះ បានលើកឡើងស្រដៀងគ្នាថា ទៅថ្ងៃអនាគតខាងមុខ អ្វីដែលពួកគាត់ចង់បាន និងចង់ឃើញបន្តទៀត គឺចង់ឃើញការដឹកនាំប្រទេសឲ្យមានការរីចកម្រើនទៅមុខបន្ថែមទៀត ជាពិសេស ទាក់ទាញភ្ញៀវទេសចរណ៍ និងអ្នកវិនិយោគឲ្យមកកម្ពុជាកាន់តែច្រើនឡើង ដើម្បីបង្កើតការងារ និងបង្កើនប្រាក់ចំណូលជូនប្រជាពលរដ្ឋ។ល។
សម្រាប់លទ្ធផលការបែងចែកអាសនៈក្រៅផ្លូវការ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា ទទួលបានសំឡេងច្រើនលើសលុប ចំនួន ១២០អាសនៈ ខណៈគណបក្សហ៊្វុនស៊ិនប៉ិច ទទួលបាន ៥អាសនៈ៕ អត្ថបទ៖ ឈិត បូរ៉ាវី