កំពត ៖ មន្ត្រីជំនាញ បានឲ្យដឹងថា វិស័យសំណង់នៅខេត្តកំពត នៅតែបន្តរីកចម្រើនជាងឆ្នាំ២០២០កន្លងទៅ ហើយគិតត្រឹមរយៈពេល៤ខែដើមឆ្នាំ២០២១នេះ ការចេញលិខិតអនុញ្ញាតសាងសង់ និងទំហំទឹកប្រាក់វិនិយោគលើវិស័យសំណង់ស្មើ នឹងពាក់កណ្តាល ឆ្នាំ២០២០ កន្លងទៅ ដែលនេះបញ្ជាក់ថា វិស័យសំណង់ខេត្តមានសុខភាពល្អ និងមានសន្ទុះទៅមុខជានិច្ច ទោះស្ថិតក្នុងបរិបទកូវីដ១៩ក៏ដោយ។
អនុប្រធានមន្ទីររៀបចំដែនដី នគររូបនីយកម្ម សំណង់ និងសុរិយោដីខេត្តកំពត លោក ស៊ឹម សុខជា បានឲ្យដឹងថា ទោះស្ថិតក្នុងបរិបទកូវីដ១៩ វិស័យសំណង់ក្នុងខេត្តនៅតែបន្តដំណើរការមិនដាច់ និងមានអ្នកមករកស៊ីផ្នែកនេះ ជាហូរហែ។ លិខិតអនុញ្ញាតសាងសង់ពីសមត្ថកិច្ចទាំងបី ក្រុងស្រុក ខេត្ត និងក្រសួង រយៈពេល ៤ខែដើមឆ្នាំ២០២១នេះ មានចំនួន១៣៣គម្រោង គិតជាទុនវិនិយោគសរុបចំនួន ១៨លាន ដុល្លារ។ ចំណែកឆ្នាំ២០២០ ការដ្ឋានសំណង់ពេញមួយឆ្នាំ មានចំនួន ២៩៩ គម្រោង ដែលមានទុនវិនិយោគសរុប ៣៧លានដុល្លារ ។
ផ្អែកតាមរបាយការណ៍នេះ គេឃើញថា ក្នុងរយៈបួនខែដើមឆ្នាំ២០២១ វិស័យសំណង់ខេត្តកំពត មានតម្លៃទុនវិនិយោគស្មើ និងពាក់កណ្ដាលឆ្នាំ២០២០ ទៅហើយ នេះបញ្ជាក់ឱ្យឃើញថា ឆ្នាំ២០២១នេះ វិស័យសំណង់ខេត្តកំពត នៅមានសុខភាពល្អ និងនៅតែបន្តរីកចម្រើនឡើងជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ ទោះស្ថិតក្នុងបរិបទកូវីដ១៩ក្តី។
លោក បន្ថែមថា បច្ចុប្បន្នទោះស្ថានភាពកូវីដ១៩ហាក់មានសណ្ឋានធ្ងន់ធ្ងរក៏ពិតមែន ប៉ុន្តែការដ្ឋានសំណង់ទាំងអស់ក្នុងខេត្ត នៅតែបន្តដំណើរការជាដដែល គ្រាន់តែកម្មករ និងជាងសំណង់មិនមានចំនួនច្រើនដូចពេលមុន។ ហើយគិតមកដល់ពេលនេះ ពុំមានការដ្ឋានសំណង់ណាមួយបានផ្អាកការសាងសង់ ឬ បិទការដ្ឋានដោយសារកូវីដ១៩នោះទេ៕
អត្ថបទ ៖ អន សារីម