អ្នកទេសចរ និងអ្នកស្រុករាប់ពាន់នាក់ នៅលើកោះ Rhodes របស់ប្រទេសក្រិក កាលពីថ្ងៃអាទិត្យ (ទី២៣ ខែកក្កដា) ត្រូវភៀសខ្លួនទៅជ្រកនៅសាលារៀន និងទីជម្រកសុវត្ថិភាពផ្សេងៗ ដើម្បីគេចចេញពីចំហេះព្រៃ ដោយមនុស្សជាច្រើនត្រូវបានជម្លៀសចេញតាមទូកឯកជន ខណៈដែលភ្លើងពីចំហេះព្រៃនេះ បានគំរាមកំហែងដល់រមណីយដ្ឋាន និងភូមិឆ្នេរសមុទ្រនានា។

ការឆេះលើកោះនោះ បាននាំឲ្យមនុស្សប្រហែល ១៩.០០០នាក់ ត្រូវចាកចេញពីផ្ទះ និងសណ្ឋាគារពេញមួយយប់ ខណៈដែលការឆេះ ដែលមានតាំងពីថ្ងៃពុធកណ្ដាលសប្ដាហ៍មុននោះ បានចាប់ផ្ដើមរាលដាលយ៉ាងឆាប់រហ័ស ដោយឆេះឆ្លងកាត់ព្រៃក្នុងល្បឿនដ៏លឿន រហូតដល់អណ្តាតភ្លើងបានរាលទៅដល់រមណីយដ្ឋានឆ្នេរ នៅលើឆ្នេរសមុទ្រភាគអាគ្នេយ៍នៃកោះនេះ។

ក្រសួងដឹកជញ្ជូនក្រិក បានឲ្យដឹងថា ប្រតិបត្តិករទេសចរណ៍ TUI និង Jet2 ដែលក្ដោបក្ដាប់ទេសចរណ៍ភាគច្រើនទៅកាន់កោះ Rhodes បានគ្រោងទុកជើងហោះហើរចំនួន ១៤ជើង ពីអាកាសយានដ្ឋាន Rhodes ដោយដឹកជញ្ជូនអ្នកដំណើរប្រហែល ២.៧០០នាក់ រហូតដល់ម៉ោង ៣:០០ម៉ោងក្នុងស្រុក (ត្រូវនឹងម៉ោង ២៤:០០ម៉ោងសកល)។

ចំណែកចំហេះព្រៃនៅឧទ្យានភូមិសាស្ត្រ ដែលស្ថិតក្រោមការការពាររបស់អង្គការយូណេស្កូ (UNESCO) ក្នុងតំបន់ Peloponnese នៃដីគោករបស់ប្រទេសក្រិកវិញ ការឆេះនោះបានបន្តរហូតពេញមួយយប់ថ្ងៃអាទិត្យនោះ។ វីដេអូដែលបានបង្ហោះនៅលើបណ្ដាញសង្គម បានបង្ហាញពីសំណុំផ្សែងដ៏ធំដែលហុយឡើងយ៉ាងខ្មួលខ្មាញ់ នៅពេលដែលអណ្តាតភ្លើង បានឆេះរាលដាលពាសពេញផ្ទៃឧទ្យានភូមិសាស្ត្រសកលលោក Chelmos-Vouraikos របស់អង្គការ UNESCO ខណៈដែលរាត្រីកាល បានឈានមកដល់។
គួរបញ្ជាក់ដែរថា ប្រទេសក្រិកតែងតែប្រឈមនឹងចំហេះព្រៃ ក្នុងកំឡុងរដូវក្តៅស្ងួត ប៉ុន្តែការប្រែប្រួលអាកាសធាតុ បាននាំឲ្យមានរលកម្ដៅក្ដៅខ្លាំងថែមទៀត នៅទូទាំងទ្វីបអឺរ៉ុបភាគខាងត្បូង និងផ្នែកជាច្រើននៃពិភពលោក ពោលគឺបណ្ដាលឲ្យចំហេះព្រៃ ស្ថិតក្នុងស្ថានភាពពិបាកទប់ទល់ ក្នុងនោះរួមទាំងប្រទេសក្រិកនេះផងដែរ៕
