បាត់ដំបង៖ អាជ្ញាធរខេត្តបាត់ដំបង បានសម្រេចបិទខ្ទប់ផ្ទះសម្បែងពលរដ្ឋចំនួន ១៧ខ្នងនៅក្នុងភូមិមួយស្ថិតក្នុងស្រុកមោងឫស្សី ចាប់ពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីរកឃើញមនុស្ស ៤នាក់បានឆ្លងមេរោគកូវីដ-១៩។
ក្នុងសេចក្ដីសម្រេចកាលពីថ្ងៃម្សិលមិញនេះ អភិបាលខេត្តបាត់ដំបង លោក ងួន រតនៈ បានសម្រេចឱ្យបិទខ្ទប់ផ្ទះសម្បែងពលរដ្ឋ ១៧ខ្នងនៅក្នុងភូមិអំពិលឈូង ស្ថិតក្នុងឃុំឫស្សីក្រាំង ដើម្បីទប់ស្កាត់ការរាលដាលនៃមេរោគកូវីដ-១៩។
បើតាមសេចក្ដីសម្រេចដដែលនេះ ពលរដ្ឋ ៤នាក់ ក្នុងនោះមានស្ត្រី ២នាក់ផងដែរ ត្រូវបានរកឃើញឆ្លងមេរោគកូវីដ-១៩កាលពីថ្ងៃម្សិលមិញនេះ បន្ទាប់ពីពួកគេវិលត្រឡប់ទៅពីរាជធានីភ្នំពេញ។
អាជ្ញាធរខេត្តនេះ បានសម្រេចហាមឃាត់មិនឱ្យមានការចេញ-ចូលបរិវេណផ្ទះទាំង ១៧ខ្នងនោះទេ ហើយមន្ត្រីសុខាភិបាលរបស់ខេត្តកំពុងដំណើរការយកសំណាកលើពលរដ្ឋដទៃទៀតដែលបានប្រាស្រ័យទាក់ទងនឹងមនុស្សទាំង ៤នាក់ដែលបានឆ្លងកូវីដ-១៩។
រដ្ឋបាលខេត្តបាត់ដំបង ក៏បានអំពាវនាវទៅដល់ពលរដ្ឋផ្សេងទៀតដែលបានពាក់ព័ន្ធនឹងមនុស្សទាំង ៤នាក់ខាងលើនេះ ឱ្យទៅផ្ដល់សំណាកដើម្បីពិនិត្យរកមេរោគកូវីដ-១៩ និងរក្សាខ្លួននៅដាច់ដោយឡែកដើម្បីតាមដានសុខភាពខ្លួនឯង៕
