ក្រសួងការពារជាតិកោះនេះ បានឲ្យដឹងថា ប្រទេសចិន បានបញ្ជូនយន្តហោះចម្បាំងរាប់សិបគ្រឿង រួមទាំងយន្តហោះចម្បាំង និងយន្តហោះទម្លាក់គ្រាប់បែក ទៅកាន់កោះតៃវ៉ាន់ ដោយជាការបង្ហាញកម្លាំងដ៏ខ្លាំងក្លារយៈពេលប៉ុន្មានថ្ងៃ មុនពេលកោះលទ្ធិប្រជាធិបតេយ្យនេះ គ្រោងធ្វើសមយុទ្ធយោធា ក្នុងគោលបំណងការពារខ្លួនប្រឆាំងនឹងលទ្ធភាពការចូលលុកលុយ។

កោះតៃវ៉ាន់ គ្រោងនឹងធ្វើសមយុទ្ធ Han Kuang ប្រចាំឆ្នាំរបស់ខ្លួននៅសប្តាហ៍ក្រោយ ក្នុងអំឡុងពេលដែលយោធារបស់ខ្លួន នឹងធ្វើសមយុទ្ធត្រៀមប្រយុទ្ធ ដើម្បីការពារការឈ្លានពាន។ កោះនេះ ក៏នឹងធ្វើសមយុទ្ធ Wan'an ( វ៉ាន អាន) ប្រចាំឆ្នាំក្នុងគោលបំណងរៀបចំជនស៊ីវិលសម្រាប់គ្រោះមហន្តរាយធម្មជាតិ និងការអនុវត្តការជម្លៀស ក្នុងករណីមានការវាយឆ្មក់តាមផ្លូវអាកាស។

ក្រសួងបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា កងទ័ពរំដោះប្រជាជនចិន បានបញ្ជូនយន្តហោះ ៣៧គ្រឿង និងនាវាកងទ័ពជើងទឹកចំនួន ៧គ្រឿងនៅជុំវិញកោះតៃវ៉ាន់ចន្លោះម៉ោង៦ព្រឹកថ្ងៃសុក្រដល់ម៉ោង៦ព្រឹកថ្ងៃសៅរ៍។
សេចក្តីថ្លែងការណ៍នោះ បានឲ្យដឹងថា ក្នុងចំណោមនោះ មានយន្តហោះចម្បាំង J-10 និង J-16 និងយន្តហោះទម្លាក់គ្រាប់បែក H-6 ហើយយន្តហោះចម្បាំងចំនួន ២២ គ្រឿង ដែលបានឃើញឆ្លងកាត់ខ្សែបន្ទាត់កណ្តាលផ្លូវនៃច្រកសមុទ្រតៃវ៉ាន់ ដែលជាព្រំប្រទល់ក្រៅផ្លូវការដែលត្រូវបានចាត់ទុកថា ជាតំបន់ទ្រនាប់មួយរវាងកោះ និងដីគោក ឬចូលទៅក្នុងតំបន់កំណត់អត្តសញ្ញាណការពារដែនអាកាសរបស់តៃវ៉ាន់នៅជិតផ្នែកខាងត្បូងរបស់វា។

តៃវ៉ាន់ និងចិន បានបែកបាក់គ្នានៅឆ្នាំ ១៩៤៩ បន្ទាប់ពីសង្គ្រាមស៊ីវិល ដែលបានបញ្ចប់ដោយបក្សកុម្មុយនីស្ត ដែលកំពុងគ្រប់គ្រងលើដីគោក។ កោះនេះ មិនដែលក្លាយជាផ្នែកនៃសាធារណរដ្ឋប្រជាមានិតចិនទេ ប៉ុន្តែទីក្រុងប៉េកាំង និយាយថា កោះនេះត្រូវតែជុំជាតិជាមួយនឹងចិនដីគោក។