ទីភ្នាក់ងារជួយសង្គ្រោះនិងស្វែងរក បាននិយាយថា អាជ្ញាធរប្រទេសឥណ្ឌូនេស៊ី កំពុងស្វែងរកអ្នកដំណើរដែលកំពុងបាត់ខ្លួន នៅថ្ងៃចន្ទនេះ បន្ទាប់ពីសាឡាងមួយគ្រឿង បានលិច នៅជិតកោះ Sulawesi បណ្តាលឲ្យមនុស្សយ៉ាងហោចណាស់១៥ នាក់ស្លាប់។

ទីភ្នាក់ងារបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា ក្នុងចំណោមអ្នកដំណើរ៤០នាក់ ១៩នាក់កំពុងបាត់ខ្លួន ខណៈ៦នាក់ត្រូវបានជួយសង្គ្រោះ។ មូលហេតុនេះការលិចសាឡាង ដែលបានកើតឡើងនៅពាក់កណ្តាលអាធ្រាត្រ នៅតែមិនទាន់ច្បាស់នៅឡើយ។
លោក Muhamad Arafah មកពីសាខាទីភ្នាក់ងារជួយសង្គ្រោះនិងស្វែងរកបាននិយាយថា ជនរងគ្រោះទាំងអស់ ត្រូវបានកំណត់អត្តសញ្ញាណ និងបានប្រគល់ទៅឲ្យក្រុមគ្រួសារ ខណៈអ្នកនៅរស់រានមានជីវិត ពេលនេះកំពុងត្រូវបានព្យាបាល នៅមន្ទីរពេទ្យក្នុងតំបន់។
រូបថតជាច្រើន ត្រូវបានចែករំលែកដោយទីភ្នាក់ងារសង្គ្រោះបន្ទាន់ ដែលបានបង្ហាញសាកសពជនរងគ្រោះគ្របក្រណាត់នៅលើកម្រាលឥដ្ឋមន្ទីពេទ្យក្នុងតំបន់។

សាឡាងជួបឧបទ្ទវហេតុនេះ កំពុងចម្លងមនុស្សជាច្រើន ឆ្លងកាត់ឈូងសមុទ្រនៅកោះMuna មានចម្ងាយប្រមាណ២០០គីឡូម៉ែត្រ ភាគខាងត្បូងក្រុង Kendari ជាទីរួមខេត្ត Sulawesi ភាគឦសាន។
សាឡាងគឺជាមធ្យោបាយដឹកជញ្ជូនជាធម្មតានៅក្នុងប្រទេសឥណ្ឌូនេស៊ី ជាប្រជុំកោះមានកោះជាង១៧.០០០ កោះ ហើយឧបទ្ទវហេតុជាច្រើនតែងកើតមាន ខណៈស្តង់ដាសុវត្ថិភាពធូរលុង ដែលជាញឹកញាប់អនុញ្ញាតឲ្យនាវាផ្ទុកលើសទម្ងន់ដោយគ្មានសម្ភារៈសង្គ្រោះជីវិតគ្រប់គ្រាន់។