សមាគមបណ្តាញប្រជាជនកម្ពុជា ហៅកាត់ថា ស.ប.ប នៅថ្ងៃទី២៤ ខែកក្កដានេះ បានចេញសេចក្តីថ្លែងការណ៍គាំទ្រលទ្ធផលការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រ នីតិកាលទី៧ ឆ្នាំ២០២៣។
សេចក្តីថ្លែងការណ៍នោះ ស្តីពី ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាល ទី៧ ឆ្នាំ២០២៣ របស់សមាគម បណ្តាញប្រជាជនកម្ពុជានោះបានសរសេរ ថា នៅក្នុងការនៃដំណើរការ ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ នាថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៣ ដោយទទួលបានការអនុញ្ញាតពីគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) សមាគមបណ្តាញប្រជាជនកម្ពុជា (សបប) បានបញ្ជូនបុគ្គលិកទៅចូលរួមក្នុងការសង្កេតការណ៍បោះឆ្នោតក្នុងនាមជាអ្នកសង្កេតការណ៍ជាតិនៅតាមមណ្ឌលបោះឆ្នោត និងការិយាល័យបោះឆ្នោតនានាតាមរាជធានី-ខេត្ត។
ដោយឈរលើមូលដ្ឋានឯករាជ្យ ប្រជាធិបតេយ្យ និងអព្យាក្រឹត្យ ក្រុមអ្នកសង្កេតការណ៍ជាតិរបស់សមាគមបណ្តាញប្រជាជនកម្ពុជា បានសង្កេតឃើញថា៖
១. ការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ឆ្នាំ២០២៣នេះ មានគណបក្សនយោបាយចំនួន១៨ បានចូលរួមប្រកួតប្រជែង។ អង្គបោះឆ្នោត បានចូលរួមបោះឆ្នោតដោយសេរី ប្រកបដោយទឹកមុខសប្បាយរីករាយនិងឆន្ទៈគាំទ្រគណបក្សនយោបាយ ដែលខ្លួនពេញចិត្តតាមរយៈសន្លឹកឆ្នោត។
២. បរិយាកាសទូទៅទាំងមុនថ្ងៃបោះឆ្នោត និងនៅថ្ងៃបោះឆ្នោត មានសភាពស្ងប់ស្ងាត់ល្អ គ្មានការបង្ខិតបង្ខំ និងគ្មានអំពើហិង្សា។ លើសពីនោះ ការរាប់សន្លឹកឆ្នោតបានប្រព្រឹត្តទៅដោយរលូន ដោយមានការចូលរួមពិនិត្យ និងឃ្លាំមើលដោយអ្នកសង្កេតការណ៍ជាតិ-អន្តរជាតិ និងភ្នាក់ងារសង្កេតការណ៍របស់គណបក្សនយោបាយប្រកបដោយការទទួលខុសត្រូវ និងវិជ្ជាជីវៈ។
៣. យោងតាមតួរលេខបឋម ប្រជាពលរដ្ឋកម្ពុជាបានចូលរួមបោះឆ្នោតប្រមាណ ៨,២១៣,២៦០នាក់ស្មើនឹង៨៤,៥៨% ដែលជាចំនួនខ្ពស់បំផុតធៀបនឹងការបោះឆ្នោតនៅតាមបណ្ដាប្រទេសប្រជាធិបតេយ្យជាច្រើននៅជុំវិញពិភពលោក។ តួរលេខនេះ បានបញ្ចាក់ថា ប្រជាពលរដ្ឋកម្ពុជាមានភាពចាស់ទុំផ្នែកនយោបាយ និងការយល់ដឹងខ្ពស់ក្នុងការចូលរួមបោះឆ្នោត ដើម្បីបញ្ចេញឆន្ទះ និងជ្រើសរើសថ្នាក់ដឹកនាំប្រទេសដែលខ្លួនពេញចិត្ត និងមានទំនុកចិត្ត។
ជារួម ក្រុមអ្នកសង្កេតការណ៍នៃសមាគមបណ្ដាញប្រជាជនកម្ពុជា សូមធ្វើការសន្និដ្ឋាន និងវាយតម្លៃខ្ពស់ចំពោះដំណើរការនៃការបោះឆ្នោតនេះដែលបានប្រព្រឹត្តទៅដោយរលូន ត្រឹមត្រូវ តម្លាភាព សេរី និងយុត្តិធម៌ ព្រមទាំងមានសណ្ដាប់ធ្នាប់ល្អ និងសូមប្រកាសគាំទ្រលើកិច្ចដំណើរការនៃការបោះឆ្នោតជ្រើសតាំងតំណាងរាស្ត្រនីតិកាលទី៧ ឆ្នាំ២០២៣ ដែលរៀបចំឡើងដោយគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) ដែលជាស្ថាប័នឯករាជ្យ៕ អត្ថបទ៖ ស៊ុម សុខជា

