បាល់ទាត់៖ អ្នកចាត់ការក្រុម Crystal Palace លោក Roy Hodgson នឹងចាកចេញពីក្លិបហើយនៅដំណាច់រដូវកាលនេះ។ អ្នកចាត់ការវ័យ ៧៣ឆ្នាំរូបនេះបាននិយាយថា នេះជាពេលវេលាសក្តិសមបំផុតក្នុងការសំរេចចិត្តចាកចេញ ហើយជាពេលវេលាដ៏វិសេសមួយក្នុងរយៈពេល ៤ឆ្នាំនៅកីឡដ្ឋាន Selhurst Park។

លោក Roy Hodgson បានមកកាន់តំណែងដឹកនាំ Crystal Palace នៅឆ្នាំ២០១៧ ខណៈលោកនឹងដឹកនាំក្រុមប្រកួតចុងក្រោយ មុនចាកចេញនៅថ្ងៃអាទិត្យនេះនៅទឹកដី Arsenal។ លោក Roy Hodgson ដែលបានចាប់ផ្តើមអាជីពជាកីឡាកររបស់ខ្លួននៅ Crystal Palace នេះ បានមកជំនួសតំណែងលោក Frank de Boer នៅឆ្នាំ២០១៧ នៅពេលនោះ Crystal Palace ឈរនៅតំបន់គ្រោះថ្នាក់ក្រោយចាញ់ ៤ប្រកួតជាប់គ្នាដើមរដូវកាល។ ក្រោយមកលោក Roy Hodgson មកដល់ Crystal Palace បន្តចាញ់ ៣ប្រកួតជាប់គ្នាទៀត តែក្រោយមកលោកបានដឹកនាំ Crystal Palace ឡើងមកដល់លេខ ១១ ក្រោយចប់រដូវកាល។ រដូវកាលបន្តបន្ទាប់មក Crystal Palace ឈរលេខ ១២, លេខ ១៤ និងបច្ចុប្បន្នលេខ ១៣។
លោក Roy Hodgson គឺជាអ្នកចាត់ការបច្ចុប្បន្នដែលមានវ័យចំណាស់បំផុតនៅ Premier League ដោយលោកបានចាប់ផ្តើមអាជីពជាអ្នកចាត់ការតាំងពី ៤៥ឆ្នាំ មុនដឹកនាំក្លិបស៊ុយអែត Halmstads ពោលគឺលោកបានដឹកនាំក្លិបចំនួន ១៦ នៅ ៨ប្រទេសដូចជា Inter Milan និង Udinese នៅជាអ៊ីតាលីជាដើម ក៏ដូចជាធ្លាប់ដឹកនាំក្រុមជំរើសជាតិស្វ៊ីស អារ៉ាប់រួម និងហ្វាំងឡង់។ លោកក៏ធ្លាប់ដឹកនាំក្រុមជំរើសជាតិអង់គ្លេសផងដែរ មុនពេល Euro ២០១២ មកដល់ដោយអង់គ្លេសឡើងដល់វគ្គ ៨ក្រុមចុងក្រោយ តែក៏ធ្លាក់ត្រឹមវគ្គវិលជុំក្នុងពូលនៅ World Cup ២០១៤ ប្រទេសប្រេស៊ីល៕
អត្ថបទ៖នាង សុភាវុធ